ព័ត៌មានអន្តរជាតិ

ករណីបាក់ដីភ្នំ នៅកន្លែងរុករករ៉ែ ១កន្លែងនៅចិន បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត១០នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្ស១០នាក់ បានស្លាប់ និង៧នាក់ទៀតរងរបួសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានករណីបាក់ដីភ្នំនៅឯអណ្តូងរ៉ែធ្យូងថ្ម នៅក្នុងប្រទេសចិន ។

ទូរទស្សន៍ CCTV បានផ្សាយថា ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង១១និង១៥នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៣និង១៥នាទីម៉ោងសកល នៅក្នុងខេត្ត Gansu ភាគពាយ័ព្យ នៃប្រទេសចិន ដោយបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះពេលនេះ បានបញ្ចប់ហើយ ។

ទូរទស្សន៍ CCTV បានរាយការណ៍ថា បុគ្គលិកកំពុងធ្វើសកម្មភាពនៅជុំវិញ ការដ្ឋានរុករករ៉ែក្នុងទីក្រុង Baiyin “នៅគ្រាដែលមានករណីបាក់ដីភ្នំ បានកើតឡើង” ដែល “បានកប់បុគ្គលិកទាំងនេះ ក៏ដូចជារថយន្ត” ។ មនុស្សសរុប១៧នាក់បានជាប់គាំងនៅទីនោះ ។

យោងតាមរបាយការណ៍ចុងក្រោយ នៅល្ងាចថ្ងៃសៅរ៍បន្ទាប់ពីការរកឃើញសាកសពចុងក្រោយ “មនុស្ស១០នាក់បានស្លាប់និង៧នាក់ បានរងរបួសស្រាល” ទូរទស្សន៍ខាងលើបានផ្សាយដូច្នេះដោយដកស្រង់ពីអាជ្ញាធរ ក្នុងតំបន់ដែលបានលើកឡើងដូច្នេះ ។

ទូរទស្សន៍ CCTV បានផ្សាយថា “ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top