បរទេស៖ CNN បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជាប់គាំង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដកឧបករណ៍ទូរគមនាគមន៍ Huawei ដែល FBI អះអាងថា អាចធ្វើចារកម្ម និងរំខានដល់ការប្រាស្រ័យទាក់ទង នៅឯមូលដ្ឋានយោធាអាមេរិក រួមទាំងនៅកន្លែងមានកាំជ្រួចនុយក្លេអែរទាំងនោះផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចំពេលមានការបង្រ្កាបយ៉ាងទូលំទូលាយលើបច្ចេកវិទ្យារបស់ចិនក្រោមការគ្រប់គ្រងរបស់លោក Trump សភាបានអនុម័តការផ្តល់មូលនិធិចំនួន ១,៩ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដើម្បីដកឧបករណ៍ទូរគមនាគមន៍ Huawei និង ZTE នៅទូទាំងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានប្រាប់សមាជិកសភាកាលពីសប្តាហ៍មុនថា ការដកបណ្តាញរបស់អាមេរិកចេញរបស់ឧបករណ៍របស់ចិននេះនឹងមានតម្លៃចន្លោះពី ៤,៧ ទៅ ៤,៩៨ ពាន់លានដុល្លារ។
គ្រឿងបរិក្ខារភាគច្រើននៅមាននៅដដែល ហើយទោះបីជារដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ភាគច្រើនបានបន្តកិច្ចខិតខំប្រឹងប្រែងរបស់អ្នកកាន់តំណែងមុនគឺលោក Donald Trump ដើម្បីលុបបំបាត់បច្ចេកវិទ្យាទំនាក់ទំនងរបស់ចិនក៏ដោយ ក៏ក្រសួងពាណិជ្ជកម្មស៊ើបអង្កេតលើសកម្មភាពរបស់ក្រុមហ៊ុន Huawei កំពុងដំណើរការបន្តិចម្តងៗ នេះបើយោងតាមសារព័ត៌មាន CNN ។
ទន្ទឹមនឹងនោះ បច្ចេកវិទ្យានេះអាចបង្កហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក នេះបើតាម Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។ ស្នងការ FCC លោក Brendan Carr បានប្រាប់សារព័ត៌មានថា ប៉មទូរសព្ទនៅជុំវិញមូលដ្ឋានទ័ពអាកាស Malmstrom របស់ម៉ុនតាណា ដែលគ្រប់គ្រងទីតាំងកាំជ្រួចជាច្រើននៅសហរដ្ឋអាមេរិក បានប្រើប្រាស់បច្ចេកវិទ្យា Huawei ដូចទីតាំងពីរផ្សេងទៀតនៅរដ្ឋ Nebraska និង Wyoming ដែរ៕