បរទេស៖ ប្រទេសកាហ្សាក់ស្ថានកំពុងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនយ៉ាងខ្លាំង និងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន និងបណ្តាប្រទេសណាតូ ចំពេលមានការព្រួយបារម្ភអំពីមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ទីក្រុងមូស្គូ ដែលកំពុងរីករាលដាលហួសពីអ៊ុយក្រែន , នេះបើតាមការដកស្រង់សម្តីរបស់មន្ត្រីកាហ្សាក់ស្ថាន។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតរបស់អាមេរិក WSJ បានរាយការណ៍ថា ប្រទេសអាស៊ីកណ្តាលនឹងផ្តល់ប្រាក់បន្ថែមចំនួន ៤៤១ ពាន់លាន tenge (៩១៨លានដុល្លារ) ដល់ថវិកាការពារជាតិរបស់ខ្លួន ដែលជាការកើនឡើងជិត ១,៥ ដងធៀបនឹងថវិកាកាលពីឆ្នាំមុនចំនួន ១,៧ពាន់លានដុល្លារ។ ផ្នែកមួយនៃមូលនិធិបន្ថែមនឹងត្រូវចំណាយលើការពង្រឹងទុនបម្រុងយោធារបស់ខ្លួន។
ខណៈពេលដែលរុស្ស៊ីដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពទៅកាន់កាហ្សាក់ស្ថាននៅដើមឆ្នាំ ២០២២ ចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ខ្លាំងក្លាជាបន្តបន្ទាប់នៅទូទាំងប្រទេស សង្គ្រាមរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែនបានធ្វើឱ្យទំនាក់ទំនង កាន់តែស្មុគស្មាញរវាងរុស្ស៊ី និងប្រទេសជិតខាង និងសម្ព័ន្ធមិត្តភាគខាងត្បូងរបស់ខ្លួន។
សូមជម្រាបថា ប្រទេសកាហ្សាក់ស្ថាន គឺបានប្រកាន់ជំហរអព្យាក្រឹតក្នុងសង្រ្គាមបច្ចុប្បន្ន ដោយបដិសេធមិនផ្តល់ការគាំទ្រពេញលេញដល់រុស្ស៊ី ឬអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា