ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) បានលើកឡើងថា ក្រុមហ៊ុនបានតំឡើងអំពូល LED ចំនួន ១៨.៨៨០ អំពូល ដើម្បីជួយដល់កាត់ បន្ថយប្រើប្រាស់អគ្គិសនី និងបន្ថយការសាយភាយឧស្ម័នកាបូនិច ព្រមទាំងកាត់បន្ថយចំណាយ លើអគ្គិសនីប្រមាណ ១លានដុល្លារក្នុង១ឆ្នាំផងដែរ ។
លោក កៃនូម៉ា ក៏បន្តលើកឡើងពីវឌ្ឍនភាព របស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដោយក្នុងនោះក្រុមហ៊ុន បានដាក់ ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន៩៥កន្លែង ។ លោកថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំង ទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន ជាពិសេសយកចិត្តទុកដាក់ខ្លាំង ទៅលើបរិស្ថាន ។
លោក កៃនូម៉ា បន្ថែមថា «រោងចក្ររបស់លោកផលិត ភ្លើងអំពូលអិលអ៊ីឌី១០០% នៅកម្ពុជា ហើយបាននាំចេញទៅលើទីផ្សារទូទាំងពិភពលោក ។ ដោយឡែក នៅកម្ពុជាក្រុមហ៊ុនបានតំឡើងអំពូល LED បានចំនួន ១៨.៨៨០អំពូល ក្នុងនោះ បានជួយដល់ការកាត់បន្ថយ ការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយភាយឧស្ម័ន កាបូនិចផង ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង ១ឆ្នាំផង»។
ឆ្លៀតក្នុងឱកាសនេះដែរ លោក កៃនូម៉ា បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ, មន្ត្រីសុខាភិបាល , ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលបានយកចិត្តទុកដាក់ ជួយដល់កម្មករ ក្រុមហ៊ុនឲ្យរួចផុតពីការរាតត្បាត ពីជំងឺកូវីដ-១៩, ដោយក្នុងចំណោម កម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន៧៨នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺកូវីដ ហើយរោងចក្រនៅបន្តដំណើរការជារៀងរហូត ពុំមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ ។ លោក កៃនូម៉ា ក៏បានគោរពអញ្ជើញសម្ដេចតេជោ ជាអធិបតីក្នុងពិធីខួបទី១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុន មីនីបៀ នៅកម្ពុជានាពេលខាងមុខ ។
ជាការឆ្លើយតប សម្ដេចតេជោ បានទទួលយកការអញ្ជើញ ជាអធិបតីក្នុងពិធីខួប១០ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា ។
សម្ដេចតេជោ បានរំលឹកអំពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលក្រុមហ៊ុន សម្រេចចិត្តមកវិនិយោគ នៅកម្ពុជាដែលពេលនោះ សម្ដេចតេជោ បានអនុវត្តយុទ្ធសាស្ត្រ២ គឺត្រីណាមកដល់មុន គឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់មកកម្ពុជា មានជំនឿចិត្តចំពោះកម្ពុជា ៕