ព័ត៌មានជាតិ

កម្ពុជា សង្ឃឹមថា អាស៊ាន-ចិន អាចសម្រេចបានការចរចា សម្រាប់ដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយនឹងបញ្ឈប់អន្តរាគមន៍ពីបរទេស

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន និងចិន អាចសម្រេច បានការចរចា ដើម្បីឈានទៅរកក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) សម្រាប់ដំណោះ ស្រាយដោយសន្តិវិធី នៅសមុទ្រចិនខាងត្បូង ដោយនឹងបញ្ឈប់អន្តរាគមន៍ ពីបរទេសនៅក្នុងរឿងនេះទៀត ។

ក្នុងសិក្ខាសាលា ដើម្បីប្រារព្ធខួបលើកទី២០ នៃសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង (DOC) រៀបចំដោយ ក្រសួងការបទេសចិន នាពេលថ្មីៗនេះ តាមប្រព័ន្ធវិដេអូ លោក ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានគូសបញ្ជាក់ថា ជម្លោះនៅសមុទ្រចិនខាងត្បូង គឺជាការទាមទារអធិបតេយ្យភាពទឹកដី ដូច្នេះដំណោះស្រាយគួរតែត្រូវធ្វើឡើងតាមរយៈការចរចា ដោយផ្ទាល់រវាងភាគី ពាក់ព័ន្ធផ្ទាល់ ដូចដែលជម្លោះព្រំដែន បានកើតឡើងនៅគ្រប់ ទីកន្លែង ក្នុងពិភពលោក។

លោកសង្កត់ធ្ងន់ថា ប្រសិនបើចំណាយពេលតែ២-៣នាទី ដើម្បីពិនិត្យមើល DOC ពិត ជាឃើញ DOC បានរួមបញ្ចូលយ៉ាងទូលំទូលាយនូវកត្តាសំខាន់ៗ ផ្នែកច្បាប់ និងផ្នែកនយោបាយទាំងអស់ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការ និងបញ្ចៀសជម្លោះកុំឲ្យកើតឡើង នៅសមុទ្រចិនខាងត្បូង រវាងភាគីដែលមានផលប្រយោជន៍ ។ លោកថា ក្នុងរយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន DOC នៅតែត្រូវបានប្រើប្រាស់ ជាឯកសារយោង ក្នុងការចរចាររវាងអាស៊ាន-ចិន នៅសមុទ្រចិនខាងត្បូង ។ សូម្បីតែនៅក្នុងរាល់កិច្ចប្រជុំ អាស៊ាន-ចិន DOC តែងតែត្រូវទាមទារឲ្យអនុវត្តជានិច្ច ដើម្បីទប់ស្កាត់ជម្លោះ នៅសមុទចិនខាងត្បូង ។

លោកជឿថា ដោយសារការអនុវត្ត DOC រហូត មកដល់ពេលនេះ ភាគីពាក់ព័ន្ធមានការរីករាយដោយ ពុំមានជម្លោះធ្ងន់ធ្ងរ នៅសមុទ្រចិនខាងត្បូង រវាងប្រទេសសមាជិកអាស៊ាន និងចិនទេ។ លោកយល់ថា ភាគីខាងក្រៅមិន គួរធ្វើអន្តរាគមក្នុងសមុទ្រចិនខាងត្បូង ឬញុះញង់ឲ្យ មានជម្លោះ គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ ។

លោក ក៏បានសង្ឃឹមថា ដោយផ្អែកលើ DOC អាស៊ាន និងចិន អាចជំរុញការចរចា ឲ្យឈានទៅមុខ ដើម្បីសម្រេចបាននូវ ក្រមប្រតិបត្តិនៅសមុទ្រចិន ខាងត្បូង (Code of Conduct in the South China Sea – COC) ដើម្បីរំងាប់ជម្លោះឲ្យចៀសឆ្ងាយការអន្តរាគមន៍ពីខាងក្រៅ។

លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា «កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៣ នៅឆ្នាំនេះ ខ្ញុំសង្ឃឹមថា អាស៊ាន និងចិន អាចសម្រេច បានការចរចា ដើម្បីឈានទៅរកក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) សម្រាប់ដំណោះ ស្រាយដោយសន្តិវិធី នៅសមុទ្រចិនខាងត្បូង ហើយនឹងបញ្ឈប់អន្តរាគមន៍ ពីបរទេសនៅក្នុងសមុទ្រ ចិនខាងត្បូងទៀត ដែលអនុញ្ញាតឲ្យភាគីពាក់ព័ន្ធផ្ទាល់ទាំងអស់ ដោះស្រាយទំនាស់ព្រំដែនសមុទ្រ ដោយសន្តិវិធី»។

លើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ជាថ្មីម្តងទៀតថា មានសារៈសំខាន់បំផុត សម្រាប់ភាគីនៃ DOC ក្នុងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះអ្វីដែលបានព្រមព្រៀងគ្នា ។ ការប្រកាន់ខ្ជាប់ នូវស្មារតី និងគោលការណ៍ន DOC មានសារៈសំខាន់ សម្រាប់ការពង្រឹងកិច្ចសន្ទនា ក្នុងន័យស្ថាបនាសម្រេចបាន COC នាពេលអនាគត ដែលមានលក្ខណៈសំខាន់ ស្របតាមការទាមទារអធិបតេយ្យភាព របស់ភាគីពាក់ព័ន្ធផ្ទាល់ នឹងធ្វើឲ្យប្រជាជនទាំងអស់ នៃតំបន់ទទួលបានសន្តិភាព ស្ថិរភាព និងវិបុលភាព ៕

To Top