ព័ត៌មានអន្តរជាតិ

តុលាការ សហភាពអឺរ៉ុប បញ្ជាក់ពីបំរាមចាក់ផ្សាយ លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី

ព្រុចសែល ៖ តុលាការយុត្តិធម៌អឺរ៉ុប (ECJ) បានច្រានចោលសំណើ របស់បណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT (Russia Today) ដើម្បីលុបចោល ការហាមឃាត់ ការផ្សាយ ដែលខ្លួនត្រូវបានស្ថិតនៅក្រោម ការដាក់ទណ្ឌកម្ម ដែលដាក់ដោយសហភាពអឺរ៉ុប (EU) លើប្រទេសរុស្ស៊ី ជាការឆ្លើយតបទៅនឹង ជម្លោះរុស្ស៊ី-អ៊ុយក្រែន ។

ECJ បានឲ្យដឹងនៅលើ Twitter ថា “តុលាការទូទៅរបស់សហភាពអឺរ៉ុប បានច្រានចោលសំណើ របស់ប្រទេសរុស្ស៊ី Today France សម្រាប់ការលុបចោលសកម្មភាព របស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប” ។

បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះ រុស្ស៊ី-អ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុម័តនូវការដាក់ទណ្ឌកម្ម ជាច្រើនប្រឆាំងនឹងរុស្ស៊ី។ ទាំងនេះរួមបញ្ចូលការហាមប្រាមការ ផ្សាយនៅក្នុងសហភាពអឺរ៉ុប ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលសហភាពអឺរ៉ុប ចាត់ទុកព័ត៌មានមិនពិត រួមទាំង RT France ផងដែរ។

បម្រាមទាំងនេះ មានប្រសិទ្ធភាព តាំងពីថ្ងៃទី២ ខែមីនា ហើយ RT France បានទៅតុលាការ ដើម្បីតតាំងនៅថ្ងៃទី៨ ខែមីនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

RT France បានស្នើឱ្យលុបចោលការដាក់ ទណ្ឌកម្មរបស់ក្រុមប្រឹក្សា ដោយលើកហេតុផលថា ការសម្រេចចិត្តនេះផ្ទុយ នឹងសេរីភាពនៃការបញ្ចេញមតិ និងព័ត៌មាន សិទ្ធិការពារខ្លួនឯង សេរីភាព នៃភាពជាសហគ្រិន និងគោលការណ៍មិនរើសអើង ដោយផ្អែកលើសញ្ជាតិ របស់បុគ្គល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top