ភ្នំពេញ: តុលាការកំពូល នៅថ្ងៃសុក្រថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទោស ទណ្ឌិតចំនួន៣នាក់ រួមមាន បុរសម្នាក់ និង ស្ត្រី២នាក់ ជាប់គុកពី១៨ទៅ២០ខែ ដដែល ពីបទ: «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ប្រព្រឹត្តចន្លោះពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០២០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោកចៅក្រម និន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឱ្យដឹងថា: ទណ្ឌិតទាំង៣ នាក់ ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ ថុន រដ្ឋា ភេទ ប្រុស,ទី២-ឈ្មោះភួន កែវរស្មី ភេទស្រី និង ទី៣-ឈ្មោះ ឡុង គន្ធា ភេទស្រី ។
នៅក្នុងចំណោមទណ្ឌិតទាំង៣នាក់នេះ ឈ្មោះ ថុន រដ្ឋា ត្រូវបានតុលាការរាជធានី ភ្នំពេញ កាលថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ ដាក់គុក កំណត់២០ ខែ និង ពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ។ ចំណែកឯឈ្មោះ ឡុង គន្ធា និងឈ្មោះ ភួន កែវរស្មី ត្រូវជាប់គុក ក្នុងម្នាក់ៗ ១៨ ខែ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៤ លានរៀលផងដែរ ។
តុលាការរាជធានីភ្នំពេញ ក៏បានផ្តន្ទាទោសកំបាំងមុខ ទណ្ឌិត ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជាស្ថាបនិកនៃ ចលនាមាតាធម្មជាតិ និង មេខ្លោង (ជាជនជាតិអេស្ប៉ាញ) ដែលត្រូវបាននិរទេស ចេញពីប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ ត្រូវជាប់គុក កំណត់២០ ខែ ពិន័យ ៤លានរៀល និង ចេញដីកា បង្គាប់ឱ្យស្វែងរកចាប់ខ្លួនផងដែរ ៕
ដោយ: លីហ្សា