ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប កាលពីល្ងាច ថ្ងៃ ទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ បាន សម្រេចចោទ ឃុំខ្លួនលោកឧកញ៉ា ស៊ឹង ប៊ុណ្ណា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅ ស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ពីបទ«ប្រើប្រាស់អាវុធ ខុសច្បាប់» និង បានបញ្ជូនខ្លួនគាត់ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន ដើម្បីរងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការបាញ់បោះសេរី ប្រព្រឹត នៅខេត្តសៀមរាប កាលពី យប់ថ្ងៃ សៅរ៍ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២២។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ជនត្រូវចោទ, នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ ស៊ឹង ប៊ុណ្ណា ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ពីបទ: កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត” តាមបញ្ញត្តិមាត្រា ៤៩០ នៃ ក្រមព្រហ្មទណ្ឌ។ គាត់អាចប្រឈមនឹងជាប់គុក ចន្លោះពី ៦ខែ ទៅ ៣ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពីរុទ្ធភាព។
ជនជាប់ចោទ ឧកញ៉ា ស៉ឹង ប៊ុណ្ណា ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគាត់ បានជម្លោះ ពាក្យសម្តី ជាមួយប្រពន្ធឈ្មោះ ប៊ុន សុគន្ធាតា ដោយសារតែនាង បាន ត្រឡប់មកវិញ យប់ជ្រៅពេក នៅថ្ងៃកើតហេតុនោះ រួចលោកបានទាញកាំភ្លើងខ្លី ម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្ស៊ី បាញ់ឡើងលើចំនួន ៤ គ្រាប់ ដើម្បីរំសាយកំហឹង ក៏ ប៉ុន្តែ គ្រាប់កាំភ្លើង ពុំបានបណ្តាល អោយស្លាប់ ឬ រងរបួស នរណា ម្នាក់នោះឡើយ។
ហេតុការណ៍ នៃការផ្ទុះអាវុធនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណះ ១០ និង ៣០ នាទី នាយប់ ថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ដែលមានស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
ទាក់ទងនឹងករណីខាងលើនេះ លោកឧកញ៉ា ស៊ឹង ប៊ុណ្ណា មិនអាចទាក់ទង ដើម្បីសុំព័ត៌មាន បានឡើយ។
គួររំលឹកថាៈ លោកឧកញ៉ា ស៊ឹង ប៊ុណ្ណា ក៏ធ្លាប់ត្រូវចាប់ខ្លួន និង ជាប់ពន្ធនាគារ អស់រយៈពេល ជាច្រើនខែផងដែរ នៅក្នុង ឆ្នាំ២០១៦ ជាប់ពាក់ព័ន្ធនឹងបទល្មើស ដែលចោទប្រកាន់ថា លោកបានចេញសែកមានទឹកប្រាក់ ចំនួន ៤០០.០០០ដុល្លារទៅពាណិជ្ជករ កែវ ហ៊ុន និងភរិយារបស់លោក ហ៊ុន ឈ្មោះ សុក ទុង ដើម្បីទូរទាត់ប្រាក់ជំពាក់ តែ ជាសែកស្អុយ និង ពុំមានសាច់ប្រាក់ នៅក្នុង គណនីធនាគារ៕
ដោយ: លីហ្សា