ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់ទុកមរណភាពលោក ហ្វីដែល វ៉ាលដេស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មរណភាពរបស់លោក ហ្វីដែល វ៉ាលដេស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន គឺជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ហ្វីលីពីន និងជាមិត្តដ៏ល្អរបស់ប្រទេសកម្ពុជា។

យោងតាមសារលិខិត ផ្ញើជូន លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជអរ ប្រធានាធិបតីហ្វីលីពីន នាថ្ងៃទី១ សីហា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តាងនាមឲ្យរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងខ្លួន សម្ដេច ផ្ទាល់ សូមសម្ដែងនូវការរំលែកទុក្ខ និងសមានចិត្តយ៉ាងជ្រាលជ្រៅជូនដល់លោក និងតាមរយៈលោក ជូនចំពោះរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ជាពិសេសក្រុមគ្រួសារសព ក្នុងគ្រាដ៏សែនសោកសង្រេងនេះ។

សម្ដេចតេជោ បានបញ្ជាក់ថា «នេះគឺជាការបាត់បង់ធំធេងនូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ហ្វីលីពីន និងមិត្តដ៏ល្អម្នាក់របស់កម្ពុជា ដែលបានគាំទ្រដល់សមាជិកភាពរបស់កម្ពុជានៅក្នុងអាស៊ាន»។

តាមរយៈសារលិខិតនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា លោក ហ្វីដែល វ៉ាលដេស រ៉ាម៉ូស ដែលបានលះបង់ពេញមួយជីវិត ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរបស់ហ្វីលីពីន និងតំបន់ នឹងត្រូវបានចងចាំជារដ្ឋបុរសដ៏អស្ចារ្យមួយរូបជានិច្ច។

សូមរំលឹកថា លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន ទទួលមរណភាព កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២៕

To Top