ភ្នំពេញ ៖ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានទន្ទឹងរង់ចាំភ្លក់រសជាតិ ដើមកំណើតនៃម្ហូបខ្មែរ ដូចជា ហហ្មុក ខណៈលោក នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានថ្លែងថា ក្នុងទស្សនកិច្ចលើកនេះ លោកមានបំណងបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន។
សម្រាប់ដំណើរទស្សនកិច្ចនេះ គឺលោកនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ ។ លោកថា សហគមន៍អន្តរជាតិ កំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានា ដែលធ្វើឡើងក្នុងស្ថានភាពបែបនេះ មានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ សហគមន៍អន្តរជាតិ គួរតែប្រកាន់ខ្ជាប់។
ដោយឆ្លៀតឱកាស ពីការចូលរួមកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះ នឹងភ្លក់ម្ហូបខ្មែរ ។ លោកបញ្ជាក់ថា «លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរ ក្នុងទីក្រុងតូក្យូ ជាញឹកញាប់។ ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិ ដើមកំណើតនៃម្ហូបខ្មែរ ដូចជាអាម៉ុក” ។
លោកក៏ជូនពរ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាពរវាងជប៉ុន-កម្ពុជា កាន់តែរីកចម្រើន ៕