បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា កោះតៃវ៉ាន់បានផ្លាស់ប្តូរទីតាំង យន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង និងផ្នែករឹងយោធាផ្សេងទៀត មុនពេលដំណើរទស្សនកិច្ច ដែលអាចធ្វើទៅបាន ដោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត China Times ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់បានរាយការណ៍ នៅថ្ងៃអង្គារថា យន្តហោះបន្ថែមចំនួន៨គ្រឿង ត្រូវបានផ្លាស់ប្តូរទៅកាន់មូលដ្ឋានទ័ពអាកាស Chihhang ដោយបន្ថែម ទៅលើយន្តហោះចម្បាំង Mirage 2000 ចំនួន២គ្រឿងដែលឈរជើង នៅទីនោះរួចហើយ។
ទីភ្នាក់ងារព័ត៌មានបាននិយាយថា មូលដ្ឋាននេះមានទីតាំងនៅភាគអាគ្នេយ៍នៃកោះ ជាកន្លែងដែលជាការឆ្លងកាត់យន្តហោះរបស់លោកស្រី Pelosi ត្រូវបានគេរំពឹងថានឹងខិតជិតពីទីនោះ។ កាសែតបានបន្ថែមថា កន្លែងនេះត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
របាយការណ៍បាននិយាយទៀតថា ក្នុងពេលជាមួយគ្នានោះ កងទ័ពជើងទឹករបស់កោះតៃវ៉ាន់ បានដាក់ពង្រាយឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក២គ្រឿងបន្ថែមទៀត ដើម្បីល្បាតដែនទឹកនៅជិតកោះនេះ៕ ប្រែសម្រួលៈ ណៃ តុលា