ព័ត៌មានអន្តរជាតិ

កាសែតរដ្ឋចិន៖ មីស៊ីល DF-17 របស់ចិន ត្រូវបានគេរំពឹងថានឹង ហោះពីលើកោះតៃវ៉ាន់ជាលើកដំបូង

បរទេស៖ កាសែត Global Times របស់ចិន បានផ្សាយកាលពីថ្ងៃពុធថា សមយុទ្ធយោធាទ្រង់ទ្រាយធំ ក្រុងប៉េកាំងបានចាប់ផ្តើមនៅជិតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះនេះ ដោយជាប់ពាក់ព័ន្ធនឹង “ការប្រើប្រាស់អាវុធទំនើបៗ” រួមទាំងកាំជ្រួចទំនើបបំផុតរបស់ចិន DF-17 ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា សមយុទ្ធដែលកំពុងបន្តមាន “ការទប់ស្កាត់រួមគ្នា ការវាយប្រហារតាមសមុទ្រ និងការហ្វឹកហាត់ប្រយុទ្ធតាមផ្លូវគោក និងផ្លូវអាកាស” ដោយបន្ថែមថា យន្តហោះចម្បាំងបំបាំងកាយ J-20 របស់ចិនក៏ចូលរួមក្នុងសមយុទ្ធផងដែរ។

ជាមួយនឹងដំណាក់កាលសំខាន់ នៃសមយុទ្ធដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ Global Times បានហៅសមយុទ្ធនេះថា “មិនធ្លាប់មានពីមុនមក” ដោយបន្ថែមថា មីស៊ីលរបស់ចិនត្រូវបានគេរំពឹងថានឹង “ហោះពីលើកោះតៃវ៉ាន់ជាលើកដំបូង”។ កងទ័ពរំដោះប្រជាជន (PLA) ក៏ត្រូវបានគេរំពឹងថា នឹងចូលទៅក្នុងតំបន់នេះក្នុងចម្ងាយ ១២ ម៉ាយពីកោះនេះ ហើយអាចមានសក្តានុពលជុំវិញកោះនេះ “ទាំងស្រុង” នេះបើតាមការចេញផ្សាយរបស់កាសែត Global Times ដោយបានលើកឡើងពី “អ្នកជំនាញ” យោធា។

បើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា សមយុទ្ធនេះត្រូវបានគេរំពឹងថា នឹងដំណើរការយ៉ាងហោចណាស់ រហូតដល់ថ្ងៃត្រង់ថ្ងៃអាទិត្យ ដោយបន្ថែមថាពួកគេនឹងចូលរួម “សមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ដែនសមុទ្រធំៗចំនួនប្រាំមួយ និងលំហអាកាសរបស់ពួកគេជុំវិញកោះតៃវ៉ាន់”៕

ប្រែសម្រួលៈ ណៃ តុលា

To Top