ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ចង់ពិភាក្សាគ្នា ដោយផ្ទាល់ជាមួយ ប្រធានាធិបតីចិន

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកចង់និយាយ “ដោយផ្ទាល់” ជាមួយមេដឹកនាំចិន លោកប្រធានាធិបតី ស៊ី ជីនពីង ខណៈដែលលោកបានជំរុញឱ្យទីក្រុងប៉េកាំង ប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ដើម្បីបញ្ឈប់ជម្លោះជាមួយរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែត South China Morning Post លោក ហ្សេលេនស្គី បានកត់សម្គាល់ថា លោកមិនបាននិយាយ ជាមួយមេដឹកនាំចិន ចាប់តាំងពីការចាប់ផ្តើម នៃការវាយលុកយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន មកម្លេះ ។

លោកបន្តថា “ខ្ញុំចង់និយាយដោយផ្ទាល់ ខ្ញុំបានសន្ទនាមួយជាមួយប្រធានាធិបតី ស៊ី ជិនពីង ដែលកាលពីមួយឆ្នាំមុន ។ “ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ យើងបានស្នើសុំការសន្ទនាជាផ្លូវការ ប៉ុន្តែយើង (មិនទាន់មាន) ការសន្ទនាណាមួយជាមួយប្រទេសចិន ទោះបីជាខ្ញុំជឿថា វាមានប្រយោជន៍ក៏ដោយ” ។

យោងតាមលោក ហ្សេលេនស្គី លោក ស៊ី ជិនពីង គឺជាមេដឹកនាំពិភពលោក ដែលបានទៅប្រទេសអ៊ុយក្រែន “យ៉ាងហោចណាស់ម្តង” ដោយបន្ថែមថា ប្រធានាធិបតីចិនបានរំលឹកឡើងវិញ យ៉ាងកក់ក្តៅនូវទំនាក់ទំនង របស់លោកជាមួយទីក្រុងគៀវ ក្នុងអំឡុងពេលការ ហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កាលពីឆ្នាំមុន៕
ប្រែសម្រួលៈ ណៃ តុលា

To Top