ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ នឹងអញ្ជើញក្នុងពិធីចុះហត្ថលេខា រវាងកម្ពុជា-ជប៉ុន លើឥណទានសម្បទាន ជាង៣១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ កំពង់ផែក្រុងព្រះសីហនុ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា និងជប៉ុន លេី​លិខិត​ប្ដូរសារ​ និង​កិច្ច​ព្រមព្រៀង​ឥណទាន​។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ការចុះហត្ថលេខានេះរួមមាន៖

១- លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីផ្តល់ឥណទានសម្បទានប្រាក់ដែល មានទឹកប្រាក់ចំនួន ៨១.៣៨៨,០០០,០០០ យ៉េន ស្មើប្រមាណជាង ៣១០លានដុល្លារ សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតនៅកំពង់ផែ ក្រុងព្រះសីហនុជំហានទី១ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshirnissa) រដ្ឋមន្ត្រីការបរទេសជប៉ុន។

២- កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងខាងលើ រវាង លោក ហែម វណ្ណឌី រដ្ឋលនាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវីកុ ប្រធានតំណាង JICA ប្រចាំកម្ពុជា។

ឥណទានសម្បទាននេះ និងរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រីក និងធ្វើទំឳបកម្មកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយ កំពង់ផែនេះ ទៅជាកំពង់ផែទឹកជ្រៅស្នូល សម្រាប់ប្រទេសកម្ពុជា នឹងក្នុងតំបន់ ស្របតាមការប្ដេជ្ញាចិត្ត របស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កាលពីដើមឆ្នាំនេះ។

នៅមុនពិធីចុះហត្ថលេខា​ លោក ហាយ៉ា ម៉ាសា នឹងអញ្ជើញចូលជួបសម្ដែងការ គួរសមចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

To Top