ព័ត៌មានជាតិ

កម្ពុជា-រុស្ស៊ី ប្ដេជ្ញាគោរពផលប្រយោជន៍ ស្របច្បាប់របស់គ្នាទៅវិញទៅមក

ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី នឹងបន្តគោរពផលប្រយោជន៍ ស្របច្បាប់របស់គ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងក្របខណ្ឌនៃវេទិកាតំបន់ និងអន្តរជាតិ ។

ការប្ដេជ្ញាបន្តគោរពផលប្រយោជន៍ គ្នាទៅវិញទៅមកនេះ បានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានជួបប្រជុំចរចាប្រកបដោយ ផ្លែផ្កា នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើកស្ទួយការអភិវឌ្ឍ បន្ថែមទៀតនូវចំណងមិត្តភាព ទំនាក់ទំនងជិតស្និទ្ធដ៏យូរអង្វែង ដូចដែលពេលវេលា បានបញ្ជាក់នាពេលកន្លងមក និងការគាំទ្រគ្នាទៅវិញទៅមក រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្របតាមតម្លៃជាមូលដ្ឋាន និងសេចក្តីប្រាថ្នារបស់ ប្រជាជននៃប្រទេសទាំងពីរ។

កម្ពុជា និងរុស្ស៊ី នឹងរក្សា ព្រមទាំងពង្រឹងកិច្ចសន្ទនានយោបាយ ទំនាក់ទំនងទៀងទាត់រវាងរដ្ឋាភិបាល សភា អាជ្ញាធរមូលដ្ឋាន និងគណបក្សនយោបាយ។ ភាគីទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដែលជាផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវិស័យអប់រំ និងវប្បធម៌ វិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាបង្កើតនូវលក្ខខណ្ឌអំណោយផល សម្រាប់សកម្មភាពអង្គការ និងក្រុមហ៊ុន ក្នុងគ្រប់វិស័យ។

ក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់ថា «កម្ពុជា និងរុស្ស៊ី នឹងបន្តគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងក្របខណ្ឌនៃវេទិកាតំបន់ និងអន្តរជាតិ» ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាជំរុញការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗ ក្នុងរបៀបវារៈអន្តរជាតិ និងតំបន់ ដោយសង្កត់ធ្ងន់លើការពង្រឹងមជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការកំពុងរីកធំឡើងនៃអន្តរកម្មពហុភាគី ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ៕

To Top