ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង និងព្រៃវែង បានជំរុញប្រជាពលរដ្ឋ ពិសេសសមាជិកបក្សមិនទាន់ចុះឈ្មោះ ឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង បានស្នើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បន្តការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជនឱ្យបានល្អ ដើម្បីបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងត្រូវបន្តចិញ្ចឹមចលនាគណបក្សឱ្យបានរឹងនាំ ដើម្បីពង្រឹងកម្លាំងគាំទ្រប្រកបដោយគុណភាព។
សម្ដេច បញ្ជាក់ថា “ណែនាំឱ្យបន្តជំរុញប្រជាពលរដ្ឋ ពិសេសសមាជិកបក្សដែលមិនទាន់បានចុះឈ្មោះ ឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា”។
នាឱកាសនោះ សម្ដេច ស ខេង បានថ្លែងទៅកាន់អង្គប្រជុំ ថា កម្ពុជា បាននិងកំពុងមានសុខសន្តិភាព មានស្ថេរភាពយ៉ាងរឹងមាំ ហើយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក៏មានភាពល្អប្រសើរជាបន្តបន្ទាប់ដែលបង្កលក្ខណៈសម្បត្តិដល់ការចាត់តាំងរៀបចំការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលថ្មីៗ ប្រកបដោយសុវត្ថិភាព និងបង្កលក្ខណៈសម្បត្តិដល់វិស័យផ្សេងៗទៀត រួមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕