ព័ត៌មានជាតិ

Breaking News៖ សម្ដេចតេជោ បញ្ជាឱ្យបញ្ឈប់ សកម្មភាព ឈូសឆាយដីព្រៃ ក្បែរសួនសត្វភ្នំតាម៉ៅ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យបញ្ឈប់ សកម្មភាព ឈូសឆាយដីព្រៃក្បែរ សួនសត្វភ្នំតាម៉ៅ និងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ។

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ប៉ុន្មានថ្ងៃមកនេះមានសំណូមពរ ជាច្រើនមករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្ម បានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ។

សម្ដេចតេជោ​ បញ្ជាក់ថា «ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លប់ចោលទាំងអស់ នូវរាល់ការអនុញ្ញាតិ ឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញ សួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ​ បញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ
»។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់ យោបល់ប្រកប ដោយការស្ថាបនា ៕

To Top