កំពង់ចាម ៖ លោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម បានប្រាប់ឲ្យក្រុមប្រឹក្សាឃុំទាំង១៥ ក្នុងស្រុកព្រៃឈរ ខិតខំរក្សាសន្តិភាព ដើម្បីការ អភិវឌ្ឍប្រទេសជាតិ ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង ដូច្នេះ នាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ ក្នុងពេលសម្ភោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ និងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សា ទាំង១៥ ឃុំ ទើបជាប់ឆ្នោត ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ស្ថិតក្នុងឱកាសនោះ លោក យឹម ឆៃលី បានថ្លែងថា សមាជិកក្រុមប្រឹក្សាឃុំ ទើបជាប់ឆ្នោត ត្រូវបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៧ ចំណុចគឺ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត និងគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ , មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រីនិងកុមា គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ភូមិ ឃុំ ត្រូវមានអនាម័យល្អ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវនានាប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនិងនោះ ត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាជន ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត ឱ្យបានម៉ឺងម៉ាត់អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងត្រូវខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អ និងឆាប់រហ័ស ខិតខំជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២២ -២០២៧ របស់សង្កាត់នីមួយៗ ដែលបានប្រកាសជូនប្រជាជន ឱ្ទទទួលបានសមិទ្ធផលថ្មីៗទៀត និងយកចិត្តទុកដាក់រៀនសូត្រ កសាងសមត្ថភាពការងារខ្លួន ដែលជាប្រធានជំទប់ និងសមាជិកក្រុមប្រឹក្សាទទួលតំណែងថ្មី។
ត្រូវពង្រឹងការអនុវត្តឱ្យបានល្អ នូវតួនាទី ភារកិច្ច និងរបៀបរបបធ្វើការជាពិសេសការពង្រឹងមន្ត្រីបង្គោលរបស់ចៅសង្កាត់ មេប៉ុស្តិ៍ របស់ក្រុមប្រឹក្សា ស្មៀន និងមេភូមិឱ្យទទួលបានការគោរពស្រឡាញ់រាប់អាន និងជឿទុកចិត្តពីប្រជាជន ត្រូវហ៊ាននិយាយរិះគន់កែលម្អ មន្ត្រីបង្គោលណាដែលបម្រើប្រជាជន ក្នុងមូលដ្ឋានខ្លួនមិនបានល្អផងដែរ ៕