ព័ត៌មានអន្តរជាតិ

អាមេរិក ចេញមុខដោយសន្យាការពារប្រទេសជិតខាងផ្សេងទៀត ដែលនៅជិតចិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ដើម្បីជួបជាមួយមេដឹកនាំដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសនេះ និងធានាចំពោះនូវការគាំទ្រពេញលេញរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះមុខសកម្មភាព “អស្ថិរភាព និងគ្រោះថ្នាក់” របស់ប្រទេសចិន បន្ទាប់ពីការធ្វើដំណើររបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីហ្វីលីពីនគឺលោក Enrique Manalo កាលពីថ្ងៃសៅរ៍ថា សន្ធិសញ្ញាការពារទៅវិញទៅមកឆ្នាំ ១៩៥១ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល នៅតែជា “រឹងមាំ”។

អ្នកការទូតកំពូលអាមេរិករូបនេះបាននិយាយថា “យើងតែងតែឈរក្បែរដៃគូរបស់យើង… ការវាយប្រហារដោយប្រដាប់អាវុធលើកងកម្លាំងប្រដាប់អាវុធ នាវាសាធារណៈ ឬយន្តហោះរបស់ប្រទេសហ្វីលីពីននៅសមុទ្រចិនខាងត្បូង គឺនឹងទាមទារការប្តេជ្ញាចិត្តការពារទៅវិញទៅមករបស់សហរដ្ឋអាមេរិកនៅក្រោមសន្ធិសញ្ញានោះ” ៕

ប្រែសម្រួលៈ ណៃ តុលា 

To Top