ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន ប្រកាសផ្តល់ជំនួយជាយោធាបន្ថែម ១ពាន់លានដុល្លារទៀត ឲ្យអ៊ុយក្រែន

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសអំពីការសម្រេចចិត្ត ក្នុងការផ្តល់ជំនួយជាយោធា ប្រមាណជា១ពាន់លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែនក្នុងការ ប្រើប្រាស់ជាកម្លាំងការពារ ជាមួយនឹងប្រតិបត្តិយោធា ពីសំណាក់ប្រទេសរុស្សី។

កញ្ចប់ថវិកាចុងក្រោយនេះ ត្រូវបានអនុម័តដោយ ប្រធានាធិបតីអាមេរិកលោក Joe Biden និងក៏ជាកញ្ចប់ថវិកាលើកទី១៨ មកហើយដែរសម្រាប់រដ្ឋាភិបាល ទីក្រុងគៀវពីសំណាក់សហរដ្ឋអាមេរិក ដែលក្នុងនោះ មានរួមទាំងប្រព័ន្ធអាវុធទំនើប HIMARS បន្ថែមទៀតព្រមទាំងមីស៊ីលប្រឆាំងរថក្រោះ Javelin anti-tank ចំនួន១០០០គ្រាប់ផង មីនផងនិងគ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងប្រឆាំង យន្តហោះរាប់ពាន់គ្រាប់ផ្សេងទៀត។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីបានឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកមកលោក Joe Biden គឺជាអ្នកអនុម័តកញ្ចប់ថវិកា ជាជំនួយោធាទៅឲ្យអ៊ុយក្រែន មានទំហំប្រមាណជា ៩,៨ពាន់លានដុល្លារមកហើយ ដែលក្នុងនោះមាន ៩ពាន់លានដុល្លារ គិតចាប់តាំងតែពីពេលដែលរុស្សី បានបើកយុទ្ធនាការវាយលុក ចូលអ៊ុយក្រែនកាលពីខែកុម្ភៈ៕

ប្រែសម្រួល៖ ស៊ុន លី

To Top