ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ធ្វើការព្យាករណ៍អំពីទំហំចំណាយ សម្រាប់កសាងអ៊ុយក្រែនឡើងវិញ

បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងឱកាសនៃការចូលរួមសន្និសិទកាសែតមួយ លោកបានធ្វើការលើកឡើង អំពីការព្យាករណ៍របស់ខ្លួនថា អ៊ុយក្រែននឹងត្រូវការលុយ ដើម្បីចំណាយក្នុងទំហំដល់ទៅ រាប់ពាន់លានដុល្លារ ដើម្បីអាចស្តារប្រទេសឡើងវិញបាន។

មេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏បាននិយាយដែរថា គម្រោងកសាងអ៊ុយក្រែនឡើងវិញ នឹងធ្វើឡើងដោយមាន ការតាំងចិត្តខ្ពស់ណាស់ ពោលគឺជាគម្រោងដែលគាំទ្រ ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៤៧ មានឈ្មោះថា Marshall Plan ទៅទៀតគឺជាគម្រោងកសាងអឺរ៉ុបឡើងវិញ ក្រោយសង្គ្រាមលោកលើកទី២ ដែលគ្រានោះមានទំហំប្រមាណជា ១៣ពាន់លានដុល្លារ ឬត្រូវជា១៥០ពាន់លានដុល្លារ នាពេលបច្ចុប្បន្ន។

គួរឲ្យដឹងដែរកាលពីដើមខែកន្លងមកនេះ អ៊ុយក្រែនបានធ្វើការស្នើសុំទៅកាន់ ក្រុមអ្នកផ្តល់ជំនួយបរទេសជាច្រើន ជាមួយនឹងទឹកប្រាក់ដល់ទៅ រាប់រយពាន់លានដុល្លារ សម្រាប់កិច្ចការងារស្តារ និងកសាងប្រទេសឡើងវិញ ដែលក្នុងនោះគេជឿជាក់ថា សហភាពអឺរ៉ុបនឹងត្រៀមខ្លួនរួចរាល់ ហើយក្នុងការផ្តល់ជំនួយដ៏ច្រើនសន្ធឹកមួយ ទៅឲ្យអ៊ុយក្រែនក្នុងទំហំប្រមាណជា ៥០០ពាន់លានអឺរ៉ូ ឬប្រមាណជា ៥២៣ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top