គៀវ៖ ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេា សម្រាប់សមាហរណកម្មអឺរ៉ុប និងអាត្លង់ទិក Olha Stefanishyna បានឲ្យដឹងថា អ៊ុយក្រែនត្រូវអនុវត្តបទប្បញ្ញត្តិ និងការណែនាំចំនួន ១០៧ ក្រោមកិច្ចព្រមព្រៀង សមាគមជាមួយសហភាពអឺរ៉ុប។
លោក Stefanishyna ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលដែលបានលើកឡើងថា សកម្មភាពនីតិប្បញ្ញត្តិភាគច្រើន ដែលត្រូវការសម្រាប់ការធ្វើសមាហរណកម្ម កាន់តែជិតស្និទ្ធរបស់អ៊ុយក្រែន ជាមួយសហភាពអឺរ៉ុបត្រូវបានប្រគល់ទៅឱ្យសភាដើម្បីពិចារណា។
លោក Stefanishyna បន្ថែមថា ការបំពេញបទប្បញ្ញត្តិ និងសេចក្តីណែនាំនឹងជួយឱ្យអ៊ុយក្រែន នាំច្បាប់របស់ខ្លួនខិតទៅជិតសហភាពអឺរ៉ុប និងបើកផ្លូវសម្រាប់ការចាប់ផ្តើម នៃកិច្ចពិភាក្សាស្តីពីការចូលជាសមាជិកប្លុកនេះ។
កិច្ចព្រមព្រៀងសមាគមរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប បានចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ដែលអាចឱ្យទីក្រុងគៀវ និងទីក្រុងប្រ៊ុចសែល ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ពាណិជ្ជកម្ម ការពារជាតិ ពន្ធដារ ការគ្រប់គ្រងព្រំដែន និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕ ប្រែសម្រួល ឈូក បូរ៉ា