ព័ត៌មានអន្តរជាតិ

អាមេរិក ៖ រុស្សីហ្វឹកហាត់ នៅអ៊ីរ៉ង់ជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ទិញដ្រូនច្រើនរយគ្រឿង

បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញ បានអះអាងថា មន្ត្រីរបស់ប្រទេសរុស្សី បាននឹងកំពុងធ្វើការហ្វឹកហាត់ នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីប៉ុន្មានសប្តាហ៍ កន្លងមកនេះ គឺ ជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ធ្វើការដោះដូរយន្តហោះដ្រូន រវាងប្រទេសទាំងពីរ ។

មន្ត្រីសហរដ្ឋអាមេរិក បានអះអាងទៀតដែរថា កាលពីខែមុនរដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោន បានទទួលព័ត៌មានថា អ៊ីរ៉ង់កំពុងត្រៀមកិច្ចការងារ ក្នុងការផ្គត់ផ្គត់យន្តហោះដ្រូន ជាច្រើនរយគ្រឿង ទៅឲ្យប្រទេសរុស្សីរួមទាំង អាវុធ សម្រាប់បំពាក់ផង ហើយក្នុងនោះមន្ត្រីរុស្សី ជាច្រើននាក់ត្រូវបានបញ្ចូន ទៅធ្វើការហ្វឹកហាត់ នៅក្នងប្រទេសអ៊ីរ៉ង់ផងដែរ ។

ការអះអាងនេះ បានធ្វើឲ្យមានការព្រួយបារម្ភថា អ៊ីរ៉ង់ដែលកន្លងមកតែងតែធ្វើការផ្គត់ផ្គង់ អាវុធឲ្យក្រុមប្រយុទ្ធសម្ព័ន្ធមិត្ត ក្នុងតំបន់មជ្ឈឹមបូព៍ានោះ នៅពេលនេះ ថែមទាំងអាចធ្វើការផ្គត់ផ្គង់ អាវុធផ្សេងទៀត នៅក្នុងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន
ផងដែរ។

ទោះបីជាយ៉ាងណាក្តី ចំពោះព័ត៌មាននេះរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ បានចេញមកធ្វើការ បដិសេធ ហើយថែមទាំងបានធ្វើការខលទូរសព័្ទ ដោយផ្ទាល់ទៅកាន់រដ្ឋមន្ត្រី ការបរទេសអ៊ុយក្រែន ដើម្បីធ្វើការបញ្ជាក់ទៀតផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top