ភ្នំពេញ៖ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតថ្មី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញការរំភើបចិត្ត ក្នុងការចូលរួមកិច្ចការនានា រួមទាំងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា លោក តានិណៃ អ៊ិឈិតុម៉ុ ជាឧបទូតថ្មី ទើបតែបានចាប់ផ្តើមបេសកកម្មការទូត នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ស្ថានទូតជប៉ុន បញ្ជាក់ថា «ទោះជាលោក មិនធ្លាប់មកប្រទេសកម្ពុជា ពីមុនក៏ដោយ លោកចាប់អារម្មណ៍ពីភាពរស់រវើក និងថាមពលរបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ លោកពិតជារំភើបចិត្ត ក្នុងការចូលរួមកិច្ចការនានា រួមទាំងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ចាប់ពីពេលនេះតទៅ»។
ស្ថានទូតជប៉ុន បន្ថែមថា មុនពេលមកដល់កម្ពុជា លោកបានបំពេញការងារ នៅក្នុងវិស័យមួយចំនួន ដូចជា៖ ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ ការរំសាយអាវុធ ការមិនរីកសាយភាយអាវុនុយក្លេអ៊ែ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្រសួងការបរទេសក្នុងទីក្រុងតូក្យូ។
លោកក៏ធ្លាប់បំពេញការងារ នៅទីក្រុងវីយែន និងវ៉ារស្សាវ៉ា ក្នុងនាមជាអ្នកការទូត។ លើសពីនេះ លោកធ្លាប់បានសិក្សា ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយក៏ចាប់អារម្មណ៍ខ្លាំង លើប្រទេសទាំងនោះ៕