ព័ត៌មានជាតិ

កងរាជអាវុធហត្ថ ឃាត់ខ្លួនយោធិន២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់ តាមអនឡាញ ក្រោយមានមនុស្សស្លាប់

ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទស បានឃាត់ខ្លួនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ២រូប ក្នុងពេលចុះបង្ក្រាបបទល្មើស ល្បែងចាក់មាន់តាមអនឡាញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិរ៉ុង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោយមានមនុស្សម្នាក់ស្លាប់ ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។

លោកបញ្ជាក់ថា ជនសង្ស័យដែលស្លាប់ ក្នុងពេលចុះបង្ក្រាប មានឈ្មោះ សួង ឌ័ន អាយុ៤៧ ។ ចំណែក យោធិនចំនួន២រូបឃាត់ខ្លួន នោះ រួមមាន ៖ ១-ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ និង២ ឈោ្មះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាព នគរបាលយុត្តិធម៌។

លោក អេង ហ៊ី បានរៀបរាប់ នៅក្នុងសេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ និងចាប់យកវត្ថុតាង ម៉ូតូចំនួន៦គ្រឿង ទូរទស្សន៍១គ្រឿង CPUចំនួន១គ្រឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរ តាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ ឈ្មោះ សួង ឌ័ន បានទទួលមរណភាព។ តាមការបញ្ជាក់ របស់លោកវេជ្ជបណ្ឌិត សុខ មុន្នីឧត្តម ថា អ្នកជំងឺបានស្លាប់មុននឹង ដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍។

បន្ទាប់ពីកើតហេតុ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាថ្ងៃទី៩ ខែសីហា ក៏បានបង្កើតក្រុមការងារ ចំពោះកិច្ចនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកដល់ខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណីប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ រហូតសុំគោលការណ៍ពីថ្នាក់លើ ឃាត់ខ្លួនយោធិនទាំង២រូបនេះតែម្តង ។

កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មាន អំពើរឿងនេះ នៅថ្ងៃស្អែក វេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែសីហា នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្រោយពីមានករណីនេះ មានគណនីហ្វេស ប៊ុកឈ្មោះ “Nearadey Din” ត្រូវជាកូនរបស់អ្នកស្លាប់បានអះអាងថា ឪពុកខ្លួន វេលាម៉ោង៥ បានចេញមកពីប្រជុំវិញ ចៃដន្យភ្លៀងក៏បានជ្រកនៅតូបកាហ្វេ តែមិនបានប៉ុន្មានផង ស្រាប់តែមានអឹមចាប់ឪពុកខ្លួន ទៅសង្កត់ត្រង់ចំណុចក រហូតដកដង្ហើមមិនចេញ គាត់ក៏ស្រែកឲ្យយកទៅពេទ្យ តែបែរគិតថា ឪពុកខ្លួន យកលេសទៅវិញ រហូតផុតដង្ហើមលើឡាន ។

កូនអ្នកស្លាប់បន្តថា “អនុវត្តច្បាប់តែគ្មានទំនួលខុសត្រូវ អយុត្តិធម៌ណាស់សម្រាប់គ្រួសារខ្ញុំ ។ ជួយរកយុត្តិធម៌អោយខ្ញុំផង (គាត់ជាមនុស្សស្លូតត្រង់ ស្រលាញ់គោរពអ្នកភូមិ អ្នកណាក៏ស្រលាញ់ចូលចិត្តគាត់គ្រប់គ្នា ។ គាត់ក៏មិនព្រមដោយគ្មានយុត្តិធម៌ បែបនេះដូចគ្នា)” ៕

To Top