បន្ទាយមានជ័យ ៖ កុមារា អាយុ១៤ឆ្នាំ ម្នាក់ រស់នៅក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កំពុងទាញការចាប់អារម្មណ៍ ពីសំណាក់មហាជន ក៏ដូចជាសិស្សានុសិស្ស ជាមួយគំនិតច្នៃប្រឌិត ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល យកមកកែច្នៃប្រឌិត ទៅជារបស់លេង ដូចជា ៖ ម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូច បញ្ជាដោយ តេលេ ( Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា ឡាន និងត្រាក់ទ័រជាដើម។
ក្មួយប្រុស លឹម វណ្ណារិទ្ធ អាយុ១៤ រៀននៅថ្នាក់ ៨ សាលា សិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ៖ ដោយសារតែមានការស្រលាញ់ និងមានចំណង់ ចំណូលចិត្តតាំងពីក្មេង ក្នុងការកែច្នៃរបស់របរផ្សេងៗ ទៅជារបស់លេងដោយបានប្រើប្រាស់វត្ថុ ដែលគេបោះចោលមានដូចជា ៖ សំបកកេស ចានស្នោរ បំពង់បឺតជាដើម ដើម្បីប្រមូលយកមកកែច្នៃជាម៉ាស៊ីនច្រូត ដោយមានតេលេបញ្ជាឲ្យទៅមុខ ថយក្រោយបាន ដូចរបស់ពិតជាដើម ។ ក្មួយប្រុស បានបញ្ជាក់ថា ៖ ម៉ាស៊ីន ច្រូតស្រូវខ្នាតតូច ដែលផ្សំឡើងពីរបស់អេតចាយនេះ គឺបានប្រើរយៈពេល១សប្តាហ៍ ទើបរួចរាល់ទើបចេញជារូបរាង និងបញ្ជាបាន ហើយបើគិតពីការចំណាយជាថវិកា អស់ប្រមាណ៤ម៉ឺនរៀលតែប៉ុណ្ណោះ។
ក្មួយប្រុស លឹម វណ្ណារិទ្ធ ក៏បានបន្ថែមថា ក្រោយបង្កើនម៉ាស៊ីនស្រូវមួយនេះ រូបគេក៏បានបង្កើនជា របស់របរលេងផ្សេងៗទៀតដូចជា ៖ កូនឡានដី ត្រាក់ទ័រ ជាដើម ។ ជាមួយគ្នានោះរូបក៏ចង់បង្កើនជារបស់លេងផ្សេងៗទៀត ភ្ជាប់ដោយបច្ចេកវិទ្យាថ្មីៗផងដែរ ។ អ្វីជាបំណងប្រាថ្នារបស់ក្មួយប្រុស លឹម វណ្ណារិទ្ធ នៅថ្ងៃអនាគត់គឺគេចង់ក្លាយជា អ្នកឌីសាញ់មួយរូប ៕