ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងបង្កើនទៅលើការចំណាយ របស់យោធា

បរទេស៖ សភាអ៊ុយក្រែន កាលពីថ្ងៃច័ន្ទបានអនុម័ត លើការបង្កើនការចំណាយ ទៅលើវិស័យការពារជាតិ ចំពេលមានជម្លោះយោធា ដែលកំពុងបន្តជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមច្បាប់ដែលបានអនុម័តដោយ Rada សភារបស់ប្រទេសនេះ គឺរដ្ឋាភិបាលនឹងត្រូវបានអនុញ្ញាត ឱ្យប្រមូលប្រាក់បន្ថែមចំនួន ២៧០ពាន់លាន hryvnias រូបិយបណ្ណអ៊ុយក្រែន ស្មើនឹង ៧,៣ ពាន់លានដុល្លារ តាមរយៈការខ្ចីប្រាក់ក្នុងស្រុក។

នេះនឹងអនុញ្ញាតឱ្យបន្ថែម ២៤១ពាន់លាន hryvnias (៦,៥ ពាន់លានដុល្លារ) ដែលត្រូវបានបែងចែកទៅឱ្យក្រសួងការពារជាតិ និងសម្រាប់មូលនិធិបន្ថែមទៀត ដែលត្រូវបានផ្តល់ឱ្យប៉ូលីស សន្តិសុខ និងសេវាស៊ើបការណ៍សម្ងាត់។

ការសម្រេចបង្កើននេះកើតឡើង បន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា កង្វះមូលនិធិហានិភ័យក្លាយជា “ចំណុចខ្សោយរបស់អ៊ុយក្រែន” នៅក្នុងជម្លោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top