ភ្នំពេញ ៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំ ដល់ប្រជាពលរដ្ឋ អនុវត្តតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយនាំគ្នាចូលរួមស្ម័គ្រចិត្ត ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅពេលដល់វេន ចាក់ឲ្យបានគ្រប់ៗគ្នា។
ការលើកឡើងរបស់ លោកស្រី រដ្ឋលេខាធិការ ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើង ក្នុងឱកាសប្រគល់សញ្ញាបត្រ ជូនដល់និសិត្យ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ថា «ទទូចសូមឲ្យប្រជាពលរដ្ឋនាំគ្នា ទៅចាក់វ៉ាក់សាំងកូវឹង-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា»។
តាមរយៈសារលិខិត នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកស្រី ឱ វណ្ឌឌីន បានរំលឹកឡើងវិញថា ការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ និងទី៥) នឹង ជួយដល់ការបង្កើត និងរក្សាកងការពារ ហៅថាអង់ទីគ័រ នៅក្នុងសរីរាង្គមនុស្ស ក្នុងកម្រិត ដែលអាចជួយ កាត់បន្ថយបាន ជាអតិបរិមា នូវភាពធ្ងន់ធ្ងរនៃការវាយលុកពីជំងឺកូវីដ-១៩ផង ជួយកាត់បន្ថយបានជាអតិបរិមា នូវអត្រាចូលសម្រាក ពេទ្យ និងសេចក្តីស្លាប់ផង។
លោកស្រីបន្ដថា វ៉ាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្ស និងកាត់បន្ថយបានយ៉ាងច្រើននូវមហន្ត រាយសុខភាពសាធារណៈ ព្រមទាំងចូល រួមធ្វើឲ្យសង្គមអាចដំណើរការក្នុងប្រក្រតីថ្មី មាននិរន្តរភាព ជម្រុញ កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការដំណើរការឡើងវិញ នូវធុរកិច្ចនានា និងទំនាក់ទំនង បម្លាស់ប្តូរពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសផងដែរ។
លោកស្រីបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តទៅតាមការ អំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយនាំគ្នាចូលរួមស្ម័គ្រចិត្ត ទៅចាក់វាក់សាំងកូវីដ-១៩ ទាំងដួសមូល ដ្ឋាន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) នៅពេលដល់វេនចាក់ឲ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឡើងវិញនូវវីរុសកូវីដ-១៩ ចូលរួមចំណែកកាត់បន្ថយ ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ឆ្ពោះទៅរកការលើកតម្កើង សុខភាពល្អទាំងអស់គ្នា និងរក្សានិរន្តន៍ ភាពនៃការរស់នៅប្រចាំថ្ងៃ ក្នុងប្រក្រតីភាពថ្មីរបស់បងប្អូន ជាមួយនឹងការរៀនរស់នៅ ជាមួយនឹងវត្តមានវីរុស កូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើសុខភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ របស់ក្រុមគ្រួសារ និងសហគមន៍»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៥១,៦១៤នាក់៕