ព័ត៌មានអន្តរជាតិ

លោក Zelensky បង្ហាញពីពេលវេលា ដែលក្រុមបុរសពេញកម្លាំង នឹងត្រូវអនុញ្ញាត ឱ្យចាកចេញពី អ៊ុយក្រែនបាន

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសថា បុរសដែលគ្មាន បទពិសោធន៍យោធា នឹងត្រូវហាមឃាត់ មិនឱ្យចាកចេញពីប្រទេស ដរាបណាច្បាប់អាជ្ញាសឹក នៅជាធរមាន ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានបង្ហោះនៅលើគេហទំព័រ របស់ប្រធានាធិបតី កាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹងញត្តិ ដែលជំរុញឱ្យបុរស ដែលមានអាយុចន្លោះពី១៨ ទៅ ៦០ ឆ្នាំ ត្រូវអនុញ្ញាតឱ្យធ្វើដំណើរ ទៅក្រៅប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ញត្តិដែលត្រូវបានចុះហត្ថលេខា ដោយមនុស្សជាង ២៧ ០០០ នាក់និយាយថា បុរសអ៊ុយក្រែន ជាច្រើនមិនស័ក្តិសម សម្រាប់ការបម្រើយោធា ប៉ុន្តែអាចមានប្រយោជន៍ ក្នុងវិស័យផ្សេងទៀត ។ អ្នកតាក់តែងញត្តិ បានអះអាងថា ប្រសិនបើមនុស្សទាំងនេះ ត្រូវបានអនុញ្ញាតឱ្យធ្វើការនៅបរទេស ពួកគេអាចជួយជនភៀសខ្លួន និងផ្ញើប្រាក់ត្រឡប់មកវិញ ដើម្បីជួយដល់យោធា ដែលអត្ថបទសរសេរថា មានមនុស្សមាន សមត្ថភាពគ្រប់គ្រាន់ហើយ។

បើតាមញត្តិខាងលើបានសរសេរថា “ការប្រយុទ្ធ គួរតែប្រយុទ្ធដោយមនុស្សមានសមត្ថភាព។ យើងមានអ្នកជំនាញផ្នែកព័ត៌មានវិទ្យា សង្គម គំនិតច្នៃប្រឌិត បច្ចេកទេស និងជំនាញផ្សេងទៀតជាច្រើន ដែលអាចប្រយុទ្ធនឹងព័ត៌មាន និងមានប្រយោជន៍ជាងក្នុងការធ្វើការនៅបរទេស ដោយជួយជនភៀសខ្លួនរបស់យើង និងគាំទ្រដល់កងទ័ព ជាមួយនឹងថវិកា ដែលរកបាន»។

អ្នកសរសេរញត្តិបានអះអាងទៀតថា ការដាក់កំហិត លើការធ្វើដំណើរ របស់រដ្ឋាភិបាលទីក្រុងគៀវ សំដៅលើប្រភេទមួយ ចំនួននៃពលរដ្ឋស្រដៀងនឹង “ការអនុវត្តរបស់សូវៀត ដែលអ៊ុយក្រែន កំពុងត្រូវបានលុបចោលជាបណ្តើរៗ” ហើយបានផ្តល់នូវឧទាហរណ៍ នៅក្នុងប្រទេសអេស្តូនី ដែលហាមប្រាមតែការធ្វើដំណើរ ទៅកាន់អ្នកដែលជាកម្មវត្ថុ នៃដំណើរការនីតិវិធីព្រហ្មទណ្ឌប៉ុណ្ណោះ ៕

To Top