បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយកាលពីថ្ងៃអង្គារថា ការសន្យារបស់អ៊ុយក្រែន មិនវាយប្រហារលើទឹកដីរុស្ស៊ី ជាមួយនឹងអាវុធ ដែលផ្តល់ដោយលោកខាងលិច គឺមិនបានគ្របដណ្តប់តំបន់គ្រីមៀនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសលោកខាងលិចបានអះអាងថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗ របស់ពួកគេដល់អ៊ុយក្រែន មានលក្ខខណ្ឌលើការ មិនប្រើប្រាស់របស់ពួកគេ ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុងគៀវ បានផ្តល់យោបល់ជាយូរមកហើយថា តំបន់ គ្រីមៀ គឺមិនស្ថិតនៅក្រោម ការគ្រប់គ្រងនោះទេ ដោយសារប្រទេសនេះ (អ៊ុយក្រែន) ចាត់ទុកឧបទ្វីបនេះជាទឹកដីរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Voice of America ដែលផ្តល់មូលនិធិ ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក លោក Reznikov បាននិយាយថា សហរដ្ឋអាមេរិកមិនបានជំទាស់ នឹងការវាយប្រហារ លើទឹកដីដែលរុស្ស៊ី ចាត់ទុកជារបស់ខ្លួននោះទេ។
លោកបន្ថែមថា “យើងមានកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិកថា យើងនឹងមិនប្រើប្រាស់អាវុធ ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងដៃគូប្រឆាំងនឹងទឹកដី នៃសហព័ន្ធរុស្ស៊ីនោះទេ ប៉ុន្តែប្រសិនបើយើងពិភាក្សា អំពីការដកការកាន់កាប់ទឹកដីអ៊ុយក្រែន ដែលជាសត្រូវនៅពេលនេះ មិនមានការរឹតបន្តឹងបែបនេះទេ” ។ លោកបាននិយាយបែបនេះបន្ទាប់ពី ត្រូវបានសួរអំពីការវាយប្រហារ ដែលអាចកើតមានប្រឆាំងនឹងគ្រីមៀ៕ ប្រែសម្រួលៈ ណៃ តុលា