ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូតចិនព្រមានថា ឯករាជ្យរបស់កោះតៃវ៉ាន់ មានន័យថា សង្គ្រាម

បរទេស៖ បេសកជនចិនប្រចាំ នៅចក្រភពអង់គ្លេសបានព្រមានថា ការជ្រៀតជ្រែករបស់អង់គ្លេស និងអាមេរិកក្នុងបញ្ហាកោះតៃវ៉ាន់ គឺអាចបណ្តាលឱ្យមានសង្គ្រាម ដោយអះអាងថា ទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយចក្រភពអង់គ្លេសឥឡូវនេះកំពុងស្ថិតនៅ ផ្លូវបំបែកនៅលើកោះនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងទំព័រកាសែត The Guardian នៅថ្ងៃអង្គារនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេស លោក Zheng Zeguang បានផ្តល់ជំហររបស់រដ្ឋាភិបាលរបស់លោកលើបញ្ហាជម្លោះទឹកដី ខណៈដែលប្រកាសថា កោះតៃវ៉ាន់បានក្លាយជា “បញ្ហាស្នូល” សម្រាប់ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដូចគ្នា។

បេសកជនរូបនេះបានសរសេរថា “ប៉ុន្មានឆ្នាំមកនេះ សហរដ្ឋអាមេរិកបាននឹងកំពុងលេង ‘សន្លឹកបៀរកោះតៃវ៉ាន់’ ដើម្បីទប់ស្កាត់ប្រទេសចិន ដោយការយល់ព្រមលើការលក់អាវុធដល់កោះនេះ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយអាជ្ញាធរនៅទីនោះ និងលាក់បាំងគោលការណ៍ចិនតែមួយ” ។ លោកបានសំដៅទៅលើ គោលនយោបាយដែលបង្អាក់រដ្ឋបរទេសពីការបង្កើត ទំនាក់ទំនងការទូតជាមួយក្រុងតៃប៉ិ ដែលបានគ្រប់គ្រង ដោយខ្លួនឯងយូរមកហើយ។

អគ្គរដ្ឋទូតចិនរូបនេះ បានសង្កត់ធ្ងន់ថា “ឯករាជ្យរបស់កោះតៃវ៉ាន់” មានន័យថាសង្រ្គាម ហើយនឹងឈានទៅដល់ទីបញ្ចប់។ ការប្រឆាំង និងកម្ចាត់ការប៉ុនប៉ងបែបនេះ គឺសំដៅលើការជៀសវាងសង្គ្រាម និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top