កែប៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា ការរស់នៅក្នុងសង្គមមួយ គឺតែងតែមានសេចក្តីទុក្ខ ដែលគ្មាននរណាម្នាក់ អាចជៀសផុតបានឡើយ។
ដោយសារតែមានហានិភ័យសង្គមនេះ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើត ឲ្យមានប្រព័ន្ធសន្តិសុខសង្គម ដែលនេះជាគោលនយោបាយ ដ៏ល្អឥតខ្ចោះបំផុត មិនអាចកាត់ថ្លៃបាន ក្នុងការការពារបងប្អូនប្រជាពលរដ្ឋ ចាប់ពីពេលដែលចាប់កំណើត រហូតដល់ស្លាប់ និងបានផ្តល់សេចក្តីទុកចិត្ត ចំពោះស្ថាប័ន ប.ស.ស. ដែលជាប្រតិបត្តិករតែមួយគត់ ក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។
លោកប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ ប.ស.ស. បានដើរតួយ៉ាងសំខាន់ ក្នុងការជួយសម្រាលនូវទុក្ខលំបាក នៃជីវភាពរស់នៅ ក្នុងសង្គមរបស់បងប្អូន ដោយ ប.ស.ស. បានចូលខ្លួនអនុវត្តចាប់តាំង ពីពេលដែលចាប់កំណើត ដោយមានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលអាចឲ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះ មុននិងក្រោយសម្រាល ការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយនឹងការទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃ និងការទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលផងដែរ នៅពេលសម្រាកលំហែមាតុភាព។ ដោយឡែកនៅពេល ដែលបងប្អូនជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាល នៅតែបន្តការគាំពារ ដោយបានបង្កើតឲ្យមាន របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលបាននឹងកំពុងធ្វើការផ្សព្វផ្សាយនាពេលនេះ។
បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ ជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗ ដូចមានកំណត់នៅក្នុងច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំង ពីពេលចាប់កំណើតរហូត ដល់ស្លាប់នេះតែម្ដង។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងថា៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាណាព្យាបាល របស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកែប បានថ្លែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយថ្មីមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ ការពារបងប្អូនពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូល នៅពេលដែលមានជំងឺ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺការពារនៅពេលដែល ពលរដ្ឋមានវ័យចំណាស់។
ជាមួយគ្នានេះ លោកអភិបាល បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឲ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ៖ ភូមិសាស្រ្ដខេត្តកែប គឺជាខេត្តទី១០ ហើយ ដែល ប.ស.ស. បានចុះបើកយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន។ ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឲ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់ អំពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនថ្មីមួយនេះ៕