ព័ត៌មានជាតិ

ពិរុទ្ធជន៣នាក់ ត្រូវបានសាលាឧទ្ធរណ៍ កែប្រែទណ្ឌកម្ម ពីជាប់គុក១០ ឆ្នាំ មកនៅត្រឹម ក្នុងម្នាក់ៗ ៤ឆ្នាំវិញ ជាប់ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងឃាតកម្ម

ភ្នំពេញ: សាលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២២ បានប្រកាសសាលដីការ លើបណ្ដឹងឧទ្ធរណ៍របស់ យុវជនជាប់ចោទ ចំនួន ៣នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម ដោយព្រួតគ្នា វាយតប់ និង កាប់ (ដោយពូថៅ) ទៅយុវជនរងគ្រោះម្នាក់ នៅក្នុងជម្លោះពាក្យសម្តីគ្នា បណ្តាលឲ្យជនរងគ្រោះ ត្រូវ រងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ ២០១៨ ។

លោក គី ឬទ្ធី ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានសម្រេចធ្វើការកែប្រែបទចោទប្រកាន់របស់ជនជាប់ចោទទាំង៣នាក់ ពី: ប៉ុនប៉ងឃាតកម្ម តាមបញ្ញត្តិមាត្រា ២៧ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ មកជាបទ: ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស វិញ តាមបញ្ញត្តិមាត្រា ២១៨ និង បានកែប្រែទណ្ឌកម្មរបស់ពួកគេ ពី ត្រូវជាប់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ក្នុងម្នាក់ៗ មកត្រូវជាប់គុក កំណត់ ៤ ឆ្នាំ ក្នុងម្នាក់ៗវិញ ។

លោកចៅក្រម ឬទ្ធី បានថ្លែងអោយដឹងថា ជនជាប់ចោទទាំង៣នាក់មានឈ្មោះ ៖ ទី ១-ឈ្មោះ សៅរ៍ ផា ភេទប្រុស ។ ទី ២- ឈ្មោះ ប៊ុត ធារស្មី ភេទប្រុស ។ និង ទី ៣- ឈ្មោះ ឆន រឿន ភេទប្រុស ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ឆន ស្ដើង ភេទប្រុស មានមុខរបរជាកសិករ រស់នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ទាំង៣នាក់ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ១០ ឆ្នាំ ពីបទ ” ប៉ុងប៉ងឃាតកម្ម ” តាមមាត្រា ២៧ និង ១៩៩ នៃក្រុមព្រហ្មទណ្ឌ។ តែពួកគេ បានប្តឹងឧទ្ទរណ៍ ។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង តាមបណ្តឹងរបស់ជនរងគ្រោះ បន្ទាប់ពី ពួកគេ បានព្រួតគ្នា ប្រើអំពើហិង្សា ទៅលើជនរងគ្រោះ បណ្តាលឱ្យ ត្រូវរងរបួសធ្ងន់ធន់ ៕

ដោយ: លីហ្សា

To Top