ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ៖ វៀតណាម មិនអាចបង្គាប់បញ្ជា មកលើកម្ពុជា ឱ្យធ្វើអ្វីមួយនោះទេ

ភ្នំពេញ៖ បកស្រាយទៅនឹងអ្វីដែលជាចំងល់ និងកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធ គម្រោង បង្កើតឱ្យមាន ការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវទទួលបន្ទុកផ្ទាល់ក្នុងកិច្ចការនេះ លោក ហង់ជួន ណារ៉ុន បានលើកឡើង ថាការការបង្កើតដេប៉ាតឺម៉ង់ សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺធ្វើឡើងទៅតាមតម្រូវការរបស់កម្ពុជា ហើយភាគីវៀតណាម មិនអាចបង្គាប់បញ្ជាមកលើកម្ពុជា ក្នុងការធ្វើអ្វីមួយទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក ហង់ ជូនណារ៉ុន បានលើកឡើងថា “កម្ពុជា គឺជាប្រទេសអធិបតេយ្យ ដូច្នេះការចង់បង្កើតអ្វីមួយ យើងមិនមែនធ្វើតាមសំណើ ឬសំណូមពររបស់នរណាមួយទេ គឺទៅតាមតម្រូវការរបស់យើង ហើយយើងធ្វើគឺបំពេញតាមតម្រូវការរបស់យើងទេ។ ដូច្នេះភាគីវៀតណាម មិនអាចបង្គាប់បញ្ជាមកលើយើង ក្នុងការធ្វើអ្វីមួយទេ”។

លោករដ្ឋមន្រ្តី បន្ថែមថា ការបង្កើតដេប៉ាតឺម៉ង់ សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតក្នុងការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រៅពីការសិក្សាភាសាវៀតណាម ដោយមានការបង់ថ្លៃនេះ ក៏មានការសិក្សាភាសាថៃ និងភាសាអន្តរជាតិ ផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានឱ្យដឹងផងដែរថា នៅសាកលវិទ្យាល័យភាគខាងត្បូង នៃប្រទេសវៀតណាម មានការបង្រៀនភាសាខ្មែរដែរ។

លោកបានបញ្ជាក់ថា “ការបង្រៀនភាសាខ្មែរ នៅប្រទេសវៀតណាម, នៅប្រទេសវៀតណាម គេក៏មានសាកលវិទ្យាល័យភាគខាងត្បូង នៃប្រទេសវៀតណាម មានសាកលវិទ្យាល័យវៀតណាម ដែលមានបង្រៀនភាសាខ្មែរដែរ”។

ឆ្លៀតក្នុង ឱកាសនេះ លោក ហង់ជួន ណារ៉ុន ក៏បានប្រាប់ សាធារណជន កុំមានការយល់ច្រឡំថា ភាសាវៀតណាម នឹងត្រូវដាក់បញ្ចូលឱ្យបង្រៀនគ្រប់ជំនាញ នៅក្នុងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ពោល វាគ្រាន់តែជាថ្នាក់រៀនមួយ ដាច់ដោយឡែកប៉ុណ្ណោះ និងគ្មានការបង្ខិតបង្ខំណាមួយ ឱ្យត្រូវតែរៀនភាសាវៀតណាម នោះដែរ។

ចំពោះមុខនៃការវិវត្តន៍ ទៅមុខឥតឈប់ឈរ ក្នុងពិភពលោក លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យយុវជនខ្មែរ សិក្សាភាសាខ្មែរឱ្យច្បាស់ ហើយសិក្សាភាសាដទៃទៀតឱ្យបានច្រើន ព្រោះអ្នកដែលចេះភាសាច្រើន ធ្វើឲ្យខួរក្បាលគិតបានល្អ និងងាយស្រួលទំនាក់ទំនង។

បន្ថែមលើសពីនេះ លោក ហង់ជួន ណារ៉ុន បានអះអាងទៀតថា សម័យនេះគ្មានប្រទេសណាមួយ អាចដាក់អាណានិគម លើប្រទេសមួយទៀតបានទេ ដោយសារតែច្បាប់អន្តរជាតិ។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ក្រោយសង្គ្រាមលើកលោកទី២ យើងមានច្បាប់អន្តរជាតិ មួយដែលរឹងមាំ គ្មានប្រទេសណាមួយអាចដាក់អាណានិគមនិយម នៅលើប្រទេសណាមួយបានទេ អញ្ចឹងហើយបានជាសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅពេលដែលរុស្ស៉ីវាយអ៊ុយក្រែន គឺសម្តេចបានសម្រេចចិត្តប្រឆាំងនឹងការឈ្លានពាននេះ គឺឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ អញ្ចឹងក្នុងបរិបទបច្ចុប្បន្នច្បាប់អន្តរជាតិ គឺការពារជាពិសេសប្រទេសតូច ច្បាប់អន្តរជាតិមិនអនុញ្ញាតឱ្យប្រទេសមួយទៅដាក់អាណាគម លើប្រទេសផ្សេងនៅក្នុងពេលបច្ចុប្បន្ននេះទេ”៕

To Top