ព័ត៌មានជាតិ

អ្នកភូមិភាគច្រើន សំណូមពរឱ្យអភិបាលខេត្តតាកែវ រក្សាទុកស្រះ «ស្វាយប៉ាក» ជាទ្រព្យសម្បត្តិរួម

ភ្នំពេញ៖ អ្នកភូមិភាគច្រើន រស់នៅភូមិស្រម៉ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ បានសម្ដែងនូវការខឹងសម្បារដោយជំទាស់ ទៅនឹងលោកមេភូមិ ដែលបានលុបស្រះរួម (ស្វាយប៉ាក) យកទៅធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។

អ្នកភូមិ បានសំណូមពរឱ្យអភិបាលខេត្ត ពន្លឿនការដោះស្រាយ ព្រោះពួកគាត់ ជួបប្រទះ នូវការលំបាកទឹកប្រើប្រាស់ ក៏ដូចជាសត្វពាហនៈ។

សូមបញ្ជាក់ថា អ្នកភូមិភាគច្រើនគាំទ្រឱ្យទុកស្រះ «ស្វាយប៉ាក» ដូចដើម អ្នកភូមិភាគតិច គាំទ្រមេភូមិ ឱ្យលុបស្រះ ដើម្បីចែកគ្នាទៅសង់លំនៅដ្ឋាន និងអ្នកភូមិមួយចំនួនតូចទៀត មិនមានមតិ។

យោងតាមឯកសារពាក់ព័ន្ធបានឱ្យដឹងថា ស្រះទឹកនេះមាន ទទឹង៣០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ ជំរៅ៣ម៉ែត្រ ដោយប្រជាពលរដ្ឋ បានស្នើសុំ អង្គការរចនា និងលោកតាអុំញាញ់ (អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា) ដែលបានចូលរួមចំណែកស្ដាស្រះ មិនត្រឹមតែសម្រាប់អ្នកភូមិស្រម៉ ប្រើនោះទេ តែសម្រាប់អ្នកភូមិក្បែរខាង ប្រើប្រាស់ផងដែរ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល អ្នកភូមិភាគច្រើន បានឱ្យដឹងថា ពួកគាត់បានទទូចតវ៉ា មិនឱ្យមេភូមិ លុបស្រះរួមបែបនេះទេ ប៉ុន្តែលោកមេភូមិរូបនេះ នៅតែបន្តល្មើសលុប ដោយមានបុគ្គលជាមន្រ្តីថ្នាក់លើ នៅពីក្រោយ។

អ្នកភូមិ បានឱ្យដឹងទៀតថា ពួកគាត់ធ្លាប់ដាក់ពាក្យបណ្ដឹង ដល់សាលាខេត្ត ដោយសុំឱ្យខេត្ត ជួយដោះស្រាយបញ្ឈប់ការរំលោភចាក់ដី យកស្រះ កាលពីខែឧសភា ឆ្នាំ២០២១ ហើយនៅខែតុលា ឆ្នាំ២០២១ ដដែលនេះ ខេត្តបានអញ្ជើញភាគីទាំងអស់ មកចូលរួមដោះស្រាយ ដោយក្នុងនោះខេត្ត សុំឱ្យគូភាគីទាំងពីរ ទទូលយកនូវដំណោះស្រាយសម្បទាន ពីអ្នកភូមិទៅបុគ្គលដែលរំលោភមួយផ្នែកណាមួយ។

អ្នកភូមិ បន្តទៀតថា ពួកគាត់បដិសេធចំពោះដំណោះស្រាយនេះ ដោយសុំឱ្យខេត្តរក្សាទំហំស្រះ នៅដដែលនិងកាយដីចេញវិញ។ ក្រោយមកមេភូមិ បានផ្អាកតែមិនព្រមអនុវត្តន៍។ រហូតមកដល់ពេលនេះ ទំនាស់នៅជាប់គាំង បើទោះបីជាខេត្ត ស្រុក បានបញ្ជា ឱ្យបញ្ឈប់ ការចាក់ដីលុបស្រះក៏ដោយ។

អ្នកភូមិបានឱ្យទៀតថា បច្ចុប្បន្នអ្នកភូមិនិងសត្វពាហនៈ ជួបការលំបាក ដោយខ្វះទឹកប្រើប្រាស់ និងសំណូមពរ ដល់លោក អ៊ួច ភា អភិបាលខេត្តតាកែវ ពន្លឿនការដោះស្រាយ ដើម្បីបានស្រះនោះ ត្រឡប់មកវិញ សម្រាប់ មានទឹកប្រើប្រាស់ នាពេលខាងមុខ៕

To Top