ប៉េកាំង៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃសៅរ៍ថា ជនជាតិអាមេរិក គឺស្ថិតក្នុងចំណោមអ្នកប្រយុទ្ធបរទេស ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី ដែលមានភាពជាក់លាក់ខ្ពស់ ទៅលើទីតាំងប្រយុទ្ធរបស់អ្នកជាតិនិយម នៅក្នុងតំបន់ Kharkov ភាគឦសាន នៃប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ឯក Igor Konashenkov បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី បានវាយប្រហារ “ទីតាំងរបស់អង្គភាពជាតិនិយម Kraken និងអង្គភាពទាហានស៊ីឈ្នួលបរទេស” នៅជិតភូមិ Andreyevka ។
លោក Konashenkov បាននិយាយថា “ជនសកម្មប្រយុទ្ធជាង ១០០នាក់ ត្រូវបានសម្លាប់ រួមទាំងទាហានស៊ីឈ្នួលជនជាតិអាមេរិករហូតដល់ ២០នាក់” ផងដែរ។ លោកបានបន្ថែមថា កងកម្លាំងរុស្ស៊ី បានវាយប្រហារគោលដៅផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែន និង Donbass ដោយបានបំផ្លាញមជ្ឈមណ្ឌលបញ្ជាចំនួនប្រាំពីរ និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ៦ គ្រឿង។
អគ្គសេនាធិការអ៊ុយក្រែន មិនបានរាយការណ៍ពីការខាតបង់ណាមួយឡើយ ប៉ុន្តែបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនជាតិរុស្ស៊ីបានបាញ់ផ្លោងភូមិជាច្រើននៅជិតតំបន់ Kharkov ៕ ប្រែសម្រួលៈ ណៃ តុលា