នយោបាយ

លោក គី តិច៖ មេធាវី កឹម សុខា ដាក់ភស្តុតាង បន្ថែមព្រឹកនេះ ភាគច្រើនល្អ សម្រាប់រាជរដ្ឋាភិបាល តែដាក់បន្ទុក លើ កឹម សុខា វិញ

ភ្នំពេញ៖ ក្រោយបញ្ចប់សវនាការ ជាលើកទី២ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ លោក គី តិច មេធាវីរាជរដ្ឋាភិបាលបានថ្លែងថា ភាគច្រើនភស្តុតាង ដែលក្រុមមេធាវីការពារក្តីលោក កឹម សុខា ដាក់បន្ថែមនេះ គឺដាក់បន្ទុកទៅលើលោក កឹម សុខាទៅវិញទេ តែមានផលប្រយោជន៍ សម្រាប់រាជរដ្ឋាភិបាល។

ប្រាប់ក្រុមអ្នកសារព័ត៌មាន លោក គី តិច បានលើកឡើងថា ភស្តុតាងដាក់បន្ថែម ស្នើដោយក្រុមមេធាវីលោក កឹម សុខា បន្ទាប់ពីដាក់កាលពីថ្ងៃ២០ មករា ដែលលោក បានពិនិត្យឃើញ គឺដាក់បន្ទុកភាគច្រើនលើ លោក កឹម សុខាទៅវិញទេ ដែលនេះគឺជាចំណុចល្អ មកខាងលោកវិញ។

លោកបន្តថា “ភស្តុតាងខ្លះដែលខ្ញុំបានពិនិត្យ ជាបឋមនៅពេលយប់ ព្រោះភស្តុតាងទទួលបាន នៅពេលរសៀលម្សិលមិញ ។ ពិនិត្យជាបឋមនេះ ឃើញថា ភស្តុតាងមួយចំនួន ក៏ជាភស្តុតាង ថែមបន្ទុក ឲ្យលោក កឹម សុខា ដែរ ។ ភស្តុតាងមួយចំនួន គឺផ្តល់ផលប្រយោជន៍ ឲ្យភាគីយើងខ្ញុំ ហើយក៏ជាភស្តុតាង ដែលបញ្ជាក់ច្បាស់ថា មានបន្ទុកទៅលើ ជនជាប់ចោទកឹម សុខា” ។

លោកមេធាវី សង្កត់ធ្ងន់ថា ការដាក់ភស្តុតាងនេះ មិនមែនធ្វើលោកភ័យព្រួយទេ តែផ្ទុយទៅវិញអរគុណ ។

លោកថា ចំពោះភស្តុតាងជាវិដេអូ ជាងមួយម៉ោង ដែលស្នើឡើងដោយ លោក កឹម សុខា កាលពីថ្ងៃ២០ មករា នឹងចាក់ពេលរសៀលនេះ ។

លោក គី តិច បញ្ជាក់បន្ថែមថា ភស្តុតាងដាក់លើកនេះ ជាវិដេអូខ្លីៗ ប្រហែលជា១០ឃ្លីប មិនមែនមានតែផ្លាស់មួយ ដូចលើកមុនទេ។

ចំពោះសកម្មភាពលោក កឹម សុខា ដែលមានការចោទប្រកាន់ ពីទោសក្បត់ជាតិនោះ លោកថា បើសមត្ថកិច្ចគ្មានវិធានការ ទប់ស្កាត់ទេ នឹងធ្វើឲ្យពលរដ្ឋ និងប្រទេសជាតិជួបបញ្ហាវឹកវរ។

ជាមួយគ្នានេះដែរ លោកអះអាងថា ក្នុងសវនាការព្រឹកមិញនេះ ក្រុមប្រឹក្សា បានឲ្យសិទ្ធិទៅមេធាវីចុងចោទ ច្រើនជាងដើមចោទ ៕

To Top