ព័ត៌មានជាតិ

សម្ដេច ស ខេង រំលឹកឲ្យអភិបាល រាជធានី-ខេត្ត ទប់ស្កាត់ភ្លើងឆេះព្រៃ

ភ្នំពេញ៖ នៅចំពោះមុខអភិបាលរាជធានី-ខេត្ត ទាំង២៥ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹក ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ឬគ្រោះថ្នាក់ ដោយអគ្គិភ័យផ្សេងៗ ដែលអាចបង្កបញ្ហា ដល់ប្រជាពលរដ្ឋ។

ក្នុងពិធីដាក់ឲ្យដំណើរការ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋរាជធានី-ខេត្ត ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា ធាតុអាកាសសព្វថ្ងៃ មានការប្រែប្រួល ដូច្នេះត្រូវចូលរួមគ្នា ជួយទប់ស្កាត់។

សម្ដេចមានប្រសាសន៍ថា «ឥឡូវតាមសំណើរ ដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន សូមឲ្យសម្ដេចជួយរំលឹកខេត្តផង! ឥឡូវភ្លើងឆេះព្រៃ អីចឹងយកឱកាសនេះសូមរលឹកតែម្ដង ព្រោះអភិបាលរាជធានី-ខេត្តទាំង២៥ មកចូលរួម អីចឹងទេសូមរំលឹក ដល់អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សា អភិបាលតាមខេត្តយកចិត្ដទុកដាក់ ពិសេសខេត្តមានព្រៃឈើ ដែលសេសសល់ច្រើន ឬតិច ត្រូវយកចិត្ដទុកដាក់ ដល់ភ្លើងឆេះព្រៃនេះ ឬក៏គ្រោះអគ្គិភ័យផ្សេងៗទៀត»។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ បានលើកឡើងថា ច្បាប់អាជីវកម្មមួយ ពាក់ព័ន្ធក្រសួងច្រើន គឺឲ្យប្រើពេលយូរ ដែលហុចឱកាស ដល់មន្ត្រីមួយចំនួនទារលុយ ក្រៅសេវា៕ ដោយ៖​​ អេង ប៊ូឆេង

To Top