នយោបាយ

បទវិភាគ ៖ អ្នកនយោបាយមួយចំនួន របស់អាមេរិក គួរបញ្ឈប់លេងកលល្បិច ដើម្បីបង្កបង្កើតវិបតិ្ត និងទម្លាក់កំហុស ទៅឱ្យប្រទេសចិនទៀត

នាពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយមួយចំនួន របស់អាមេរិក បានដឹកនាំសម្ដែងឆាកល្ខោន ដែលបានបង្កើតជាវិបត្តិ និងទម្លាក់កំហុស ទៅឱ្យប្រទេសចិន ។

ពាក់ព័ន្ធនឹងករណី ដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិក បានទៅធ្វើទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ មន្ត្រីជាន់ខ្ពស់អាមេរិក បានចេញមុខជាបន្តបន្ទាប់ មួលបង្កាច់ប្រទេសចិនថា មាន “ប្រតិកម្មហួសហេតុ ”ចំពោះដំណើរ ទស្សនកិច្ចនៅតៃវ៉ាន់ របស់លោកស្រី Pelosi “បណ្តាល ឱ្យទំនាក់ទំនងរវាងចិន និងអាមេរិក លេចចេញនូវវិបតិ្ត” ហើយប៉ុនប៉ង ទម្លាក់កំហុស ដែលបណ្តាលឱ្យស្ថានភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ឡើង កំដៅទៅឱ្យប្រទេសចិន ។ អ្វីដែលអាក្រក់ជាងនេះទៅទៀតគឺ អ្នកនយោបាយអាមេរិកមួយចំនួន ក៏បានធ្វើដំណើរទៅកាន់តៃវ៉ាន់ជាបន្តបន្ទាប់ ដែលធ្វើឱ្យស្ថានការណ៍ច្រកសមុទ្រ តៃវ៉ាន់កាន់តែតានតឹង ហាក់ដូចជាយកសាំងមកចាក់លើភ្លើង ។

បើរំលឹកឡើងវិញពីវិបតិ្ត តំបន់ច្រកសមុទ្រតៃវ៉ាន់លើកនេះ អ្នកដែលគ្មានគំនិតលំអៀងសុទ្ធតែអាចឃើញថា ក្រោមការញុះញង់និងការរៀបចំចាត់ចែង ពីរដ្ឋាភិបាលអាមេរិក លោកស្រី Pelosi បានធ្វើទស្សនកិច្ច នៅតៃវ៉ាន់ ដោយគិតតែផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួន រឿងនេះបានល្មើស យ៉ាងធ្ងន់ធ្ងរនូវ គោលការណ៍ចិន តែមួយ និង កំណត់ នៃ សេចក្តីប្រកាសរួមបីច្បាប់ រវាងចិន និងអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ចិន បំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិង ស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបានវាយប្រហារយ៉ាងខ្លាំង ដល់មូលដ្ឋាននយោបាយ របស់ទំនាក់ទំនងរវាងចិន និងអាមេរិកផងដែរ ។ ដើម្បីគាំពារ ស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ប្រទេសចិនបានសម្តែង ការប្រឆាំងយ៉ាងច្បាស់លាស់មុន ពេលដំណើរទស្សនកិច្ចលើកនេះ ហើយបានគូសបញ្ជាក់ជាច្រើន លើកពីភាពធ្ងន់ធ្ងរនិងផលវិបាក នៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់ របស់លោកស្រី Pelosi ព្រមទាំងបានលើកឡើងថា អាមេរិក ត្រូវទទួលខុសត្រូវ ទាំងស្រុងចំពោះផលប៉ះពាល់ទាំងអស់ ដែលបណ្តាលមកពីរឿងនេះ ដូច្នេះអាចនិយាយបានថា ប្រទេសចិនបានបញ្ជាក់ពីរឿងនេះ ទុកជាមុនរួចហើយ ។

នាពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន លោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងថា ដំណើរទស្សនកិច្ច នៅតៃវ៉ាន់របស់លោកស្រី Pelosi មិនមែនជាទង្វើប្រកប ដោយវិចារណាញ្ញាណនោះទេ គឺជាឧទាហរណ៍មួយ ដែលប៉ុនប៉ងដោះស្រាយ បញ្ហាតាមរយៈការធ្វើបដិបក្ខ ។ លោក Pereira ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសចិន បានលើកឡើងថា អាមេរិកទម្លាក់កំហុសទៅឱ្យប្រទេសចិន ហើយរិះគន់ប្រទេសចិន ចាត់វិធានការណ៍តបតវិញ នេះជាកលល្បិចចាស់ របស់អាមេរិក ដែលចង់ច្រាលចោល ទំនួលខុសត្រូវ របស់ខ្លួន ។ ប្រការទាំងនេះអាចបញ្ជាក់ថា ការរិះគន់របស់អ្នកនយោបាយ អាមេរិកមួយចំនួន គឺគ្មានទីសំអាងទាល់តែសោះ ។

បន្ទាប់ពីលោកស្រី Pelosi ធ្វើដំណើរ ទៅទស្សនកិច្ចនៅតៃវ៉ាន់ មិនជាយូរប៉ុន្មាន លោក Ed Markey សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិក និងលោក Eric J. Holcomb អភិបាលរដ្ឋ Indiana របស់អាមេរិកក៏បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់ ។ ប្រការនេះបានបង្ហាញថា អាមេរិកមិនមិនត្រឹមតែមិន បានកែតម្រូវកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ជាងនេះទៅទៀត បែរជាបង្ករឿងជាបន្តបន្ទាប់ ប៉ុនប៉ងឆក់យកផលប្រយោជន៍ ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ។

អាចឃើញថា មូលហេតុនិង ផលប៉ះពាល់នៃដំណើរទស្សនកិច្ច នៅតៃវ៉ាន់ របស់លោកស្រី Pelosi គឺច្បាស់លាស់ អាមេរិកជាអ្នកបង្ករឿងហេតុ ទង្វើ របស់មេរិកហាក់ ដូចជាចោរស្រែកចាប់ចោរ ហើយអ្នកដែលយកសាំង មកចាក់លើភ្លើង ក៏ជាអាមេរិកហ្នឹងឯង ។
អាមេរិកគួរ តែក្រេបយកមេរៀន ពីទង្វើខុសឆ្គង របស់លោកស្រី Pelosi ដែលបានធ្វើដំណើរទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ ត្រឡប់ទៅរកផ្លូវត្រឹមត្រូវ នៃគោលការណ៍ចិនតែមួយ និងមាត្រាកំណត់ ក្នុងសេចក្តីប្រកាសរួមបីច្បាប់ រវាងចិននិងអាមេរិកវិញ មិនត្រូវប្រព្រឹត្តិអំពោះខុសជាន់លើខុសនោះឡើយ ។ បើពុំនោះសោត ប្រទេសចិននឹងចាត់វិធានការ តបតវិញយ៉ាងដាច់ខាត ហើយកំដរដល់ទីបញ្ចប់ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top