បរទេស៖ មនុស្សជិត ១៦ ៥០០នាក់ត្រូវបានឃុំខ្លួននៅទូទាំងប្រទេសរុស្ស៊ីសម្រាប់ការតវ៉ាសង្គ្រាមក្នុងរយៈពេល ៦ ខែចាប់តាំងពីការឈ្លានពាន លើអ៊ុយក្រែន នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមសិទ្ធិមនុស្សឯករាជ្យមួយ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គេហទំព័រ OVD-Info បាននិយាយថា ការឃុំខ្លួនភាគច្រើនលើសលប់បានកើតឡើងនៅក្នុងខែដំបូងនៃការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន មុនពេលសមាជិកសភារុស្ស៊ីបានអនុម័តច្បាប់ដែលចោទប្រកាន់ទៅលើស្ទើរតែរាល់ការនិយាយ ឬធ្វើសកម្មភាពរិះគន់សង្គ្រាមនេះ។
ចាប់តាំងពីពេលនោះមក យោងតាម OVD-Info មានការធ្លាក់ចុះពីការឃុំឃាំងចំនួន ៨០០នាក់ នៅចន្លោះថ្ងៃទី២៤ ខែមីនាដល់ថ្ងៃទី ២៤ ខែមិថុនា ដល់ ៨៩នាក់ក្នុងរយៈពេលពីរខែបន្តបន្ទាប់ទៀត។
ទីក្រុងមូស្គូ និងទីក្រុង St. Petersburg មានចំនួនអ្នកឃុំឃាំងច្រើនជាងគេ។
មនុស្សជាង ៣ ៨០០នាក់ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួនត្រូវបានចោទប្រកាន់ពីបទល្មើសដែលមានការផាកពិន័យជាការផ្ដន្ទាទោស។ ករណីបែបនេះបានធ្លាក់ចុះពីជិត ៩០០នៅកម្រិតកំពូលក្នុងខែមេសាដល់ ៣៣៣ រហូតមកដល់ពេលនេះនៅក្នុងខែសីហា៕