ព័ត៌មានអន្តរជាតិ

តំបន់ Zaporizhzhia ត្រូវបានកាត់ផ្ដាច់ភ្លើង និងទឹក ដោយសារការបាញ់ផ្លោង ដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន

គៀវ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា តំបន់ Zaporizhzhia ត្រូវបានទុកចោលដោយគ្មាន ការផ្គត់ផ្គង់ថាមពល ប៉ុន្តែភាគីរុស្ស៊ីក្រោយមកបានឲ្យដឹងថា ការផ្គត់ផ្គង់ថាមពលដល់ តំបន់ត្រូវបានស្ដារឡើងវិញ។

អភិបាលក្រុង Energodar លោក Dmytro Orlov បានបង្ហោះសារនៅលើបណ្ដាញ Telegram ថា ទីក្រុង Energodar ដែលជាទីក្រុងរណបនៃ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ត្រូវបានទុកចោលដោយគ្មានអគ្គិសនី និងទឹក បន្ទាប់ពីមានការបាញ់ផ្លោង ធ្វើឡើងដោយកងកម្លាំងរុស្ស៊ី។

ប្រតិបត្តិករថាមពលនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន Energoatom បានបញ្ជាក់នៅថ្ងៃដដែលនោះថា Zaporizhzhia NPP ត្រូវបានផ្តាច់ចេញពីបណ្តាញអគ្គិសនី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ដោយឡែក លោក Ivan Fedorov អភិបាលក្រុង Melitopol ដែលនៅជិតខាងនោះ បាននិយាយថា ទីក្រុង និងភូមិមួយចំនួននៃតំបន់ Zaporizhzhia ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី ក៏ត្រូវបានទុកចោលដោយ គ្មានអគ្គិសនីប្រើប្រាស់ផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹង នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ មួយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែននៅតែបន្ត បាញ់ផ្លោងទៅលើទីក្រុង Zaporizhzhia NPP និងទីក្រុង Energodar ។ លើសពីនេះ ភាគីរុស្ស៊ីបានស្តីបន្ទោសការ វាយប្រហាររបស់អ៊ុយក្រែន ចំពោះការដាច់ភ្លើង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top