ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់វិស័យឯកជន ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ឈ្មោះថា «WoodAI» ដើម្បីគាំទ្រដល់រោងចក្រកាត់ដេរ និងវិស័យវាយនភ័ណ្ឌ ក្នុងការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជា តាមរយៈចង្វាក់ផលិតកម្ម របស់ខ្លួន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានថ្លែងថា «សូមអំពាវនាវផងដែរ ដល់វិស័យឯកជនឲ្យ ចូលរួមសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច មូលដ្ឋាន តាមរយៈការលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។ ក្រុមហ៊ុនទាំងអស់ ក៏ត្រូវបាន លើកទឹកចិត្ត ឲ្យរួមចំណែកអនុវត្តសកម្មភាពនានា តាមលទ្ធភាពដែលខ្លួន ធ្វើបានក្នុងការជួយកាត់បន្ថយ សម្ពាធលើព្រៃឈើធម្មជាតិ»។
លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ រាល់គំនិតផ្តួចផ្តើមដែលគាំទ្រ ដល់គោលបំណងនេះ គាំទ្រដល់រាល់គម្រោង មេត្រីភាពបរិស្ថាន ដែលលើកកម្ពស់ការអនុវត្ត និងការគ្រប់គ្រងប្រកប ដោយការទទួលខុសត្រូវ និងគាំទ្រ ដល់ការអភិរក្ស។
នាឱកាសនោះ លោក សេង ទៀក នាយកអង្គការWWFកម្ពុជា បានថ្លែងថា «បេសកកម្មរបស់ អង្គការWWF នៅកម្ពុជា គឺអភិរក្សធនធានជីវចម្រុះដ៏សម្បូរ បែបនៅក្នុងប្រទេស។ ព្រៃឈើក្នុងប្រទេសកម្ពុជា នៅមានសភាពល្អផ្តល់អំណោយផល ជាទីជម្រកធម្មជាតិយ៉ាងសំខាន់ សម្រាប់ប្រភេទសត្វរងគ្រោះថ្នាក់ ជិតផុតពូជជាច្រើនប្រភេទ។ ដូច្នេះហើយ យើងតែងរិះរកនូវវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ប្រកបដោយការច្នៃប្រឌិត តួយ៉ាងដូចជាកម្មវិធី WoodAI នេះ ព្រោះវាអាចដើរតួនាទីមួយ ក្នុងការជួយកាត់បន្ថយសម្ពាធមួយចំនួន ដែលកំពុងគំរាមកំហែង ដល់ព្រៃឈើធម្មជាតិ»៕