ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ពិធីបិទការធ្វើសមយុទ្ធ កងទ័ពអន្តរជាតិឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅឧទ្យាន Patriot នៅមូលដ្ឋានយោធាស្នេហាជាតិ ក្នុងតំបន់ទីក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ។
ការប្រកួតប្រជែងក្នុងយោធាអន្តរជាតិ ដោយប្រើរថពាសដែកត្រូវបាន ធ្វើឡើងនៅទីលានហ្វឹកហាត់ Alabino កាលពីរសៀលថ្ងៃសៅរ៍ ។ ក្រុមប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតនេះ ។
ការប្រកួតវិស័យយោធាអន្តរជាតិ ឆ្នាំ២០២២ បានចាប់ផ្ដើមនៅថ្ងៃទី១៣ ខែសីហា ។ ហ្គេមនេះត្រូវបានប្រារព្ធឡើង នៅលើទឹកដីនៃប្រទេសចំនួន១២ រួមមានប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ ។ ក្រុមជាង២៧០មកពី៣៧ប្រទេស និងតំបន់បានចូលរួមប្រកួតប្រជែង ក្នុងការប្រកួតនេះ ។
នៅក្នុងឆ្នាំនេះ យោធាចិនបានបញ្ជូនក្រុមចំនួន៩ ទៅក្រៅប្រទេស ដើម្បីចូលរួមក្នុងការប្រកួតនៅប្រទេសរុស្ស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន អាល់ហ្សេរី និងអ៊ូសបេគីស្ថាន ។
ហ្គេមកងទ័ពអន្តរជាតិដែល ផ្តួចផ្តើមដោយក្រសួងការពារជាតិរុស្ស៊ី បានបម្រើការជាវេទិកាអន្តរជាតិ សម្រាប់យោធាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា