ព័ត៌មានអន្តរជាតិ

ចិននៅតែជាដៃគូរ ពាណិជ្ជកម្មដ៏ធំបំផុត របស់អាស៊ាន

ប៉េកាំង ៖ មន្ត្រីពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន នៅតែជាដៃគូរពាណិជ្ជកម្មដ៏ធំបំផុត នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) អស់រយៈពេល ១៣ ឆ្នាំជាប់ៗគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

ពាណិជ្ជកម្មរវាងចិន និងអាស៊ាន ឈានដល់ ៥៤៤,៩ពាន់លានដុល្លារ អាមេរិក ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ។ លោក Li Fei ជំនួយការរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា វាកើនឡើង ១៣,១ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង ១៥ភាគរយ នៃពាណិជ្ជកម្មបរទេស សរុបរបស់ប្រទេស ។

លោក Li បានលើកឡើងថា គិតត្រឹមដំណាច់ខែកក្កដា ការវិនិយោគពីរផ្លូវកើនឡើងលើសពី ៣៤០ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនចិន បាននិងកំពុង មានការរីកចម្រើន ឥតឈប់ឈរក្នុងការចុះកិច្ចសន្យា លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងបណ្តាប្រទេសអាស៊ាន ជាមួយនឹងទំហំទឹកប្រាក់ សរុបជាង ៣៨០ពាន់លានដុល្លារនៅចុងខែកក្កដា។

លោក Li បានបន្ដថា ប្រទេសចិននឹងដាក់ ចេញនូវវិធានការនានា រួមទាំងការផ្គូផ្គងពាណិជ្ជកម្ម តាមអ៊ីនធឺណិត និងក្រៅបណ្តាញប្រកប ដោយវិជ្ជាជីវៈ និងសេវាកម្មសម្របសម្រួលការវិនិយោគ ដើម្បីជួយសម្រួល ដល់កិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន ចំពេលពិព័រណ៍ចិន-អាស៊ានលើកទី១៩ នាពេលខាងមុខនេះ។

វិធានការអនុគ្រោះក្នុងវិស័យនានា រួមមានការបោសសំអាតគយ ការដឹកជញ្ជូន ការទិញ និងសេវាមិនបង់ពន្ធ នឹងត្រូវបានផ្តល់ ជូនសម្រាប់ទំនិញ ដែលត្រូវដាក់តាំងបង្ហាញ ពីបណ្តាប្រទេសអាស៊ាន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top