ភ្នំពេញ៖ តាមការគ្រោងទុក និង តាមបែបប្រពៃណីសាសនា នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសែន ក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករទីតាំងប្រារព្វពិធី ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី។
ពិធីក្រុងពាលីនេះធ្វើឡើង មុនមួយថ្ងៃមុននៃពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាស២កន្លែងព្រមគ្នាបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១សីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានអាកាសទាំង២កន្លែងនេះរួមមានទី១នៅត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ),និងមហាវិថីព្រះមុន្នី វង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងទី២ ៖ ត្រង់ចំណុចប្រសព្វមហាវិថីសហពន្ធ័រុស្ស៊ី ជាមួយនឹងវិថីសម្តេច ចៅហ្វាវាំងវរៈវៀងជ័យធិបតីស្រឹង្គារ គង់សំអុល(ផ្លូវ២០០៤)។
ស្ពានអាកាសថ្មីទាំងពីរទីតាំងនេះ នឹងបំពេញសេចក្តីត្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៏ គ្រោះថ្នាក់ចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញដែលមានការកើនឡើង ទាំងចំនួនមនុស្ស និងមធ្យោបាយធ្វើ ដំណើរ ៕