ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជារដ្ឋមន្រ្តីវប្បធម៌ ពិនិត្យឡើងវិញលើ បវរកញ្ញា «Miss Grand Cambodia » ក្រោយរងការរិះគន់យ៉ាងផុសផុល (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឲ្យលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យឡើងវិញនូវសកម្មភាព ក៏ដូចជាការស្លៀកពាក់ របស់បវរកញ្ញា «Miss Grand Cambodia 2022 » ក្រោយរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ។

ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះសាររិះគន់ យ៉ាងផុសផុល នៅលើបណ្ដាញសង្គម ជុំវិញសកម្មភាពក៏ដូចជាការស្លៀកពាក់ មិនសមរម្យ របស់បវរកញ្ញា «Miss Grand Cambodia » ក្នុងកម្មពិធីប្រកួតបវរកញ្ញា Miss Grand Cambodia 2022 ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាលោកស្រី ភឿង សកុណា ពិនិត្យឡើងវិញលើបវរកញ្ញា «Miss Grand Cambodia » ក្រោយមានមតិរិះគន់ យ៉ាងផុសផុល ទៅលើសកម្មភាព ក៏ដូចជាការស្លៀកពាក់ បែបមិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើមុខមាត់ប្រទេសជាតិ។

សម្ដេចថា បញ្ហានេះ គឺជាភារកិច្ចរបស់ក្រសួងវប្បធម៌ ដែលត្រូវធ្វើការដោះស្រាយភ្លាមៗ។

សម្ដេចគូសបញ្ជាក់ថា «ការបញ្ចេញនូវមតិរបស់មហាជន គឺសម្ដែងនូវការសោកស្ដាយ យើងត្រូវស្ដាប់នូវសំឡេងនេះផង ហើយធ្វើការកែតម្រូវ»។

សម្ដេចបន្ថែមថា អ្នកសម្ដែងអត់មានកំហុសទេ ព្រោះធ្វើអ្វីទៅតាមតែគេអ្នករៀបចំ គេឲ្យស្លៀកអី ត្រូវតែស្លៀកចឹង បើមិនស្លៀកតាមគេ វាមិនត្រូវស្ដង់ដារប្រកួត៕

To Top