ព័ត៌មានជាតិ

ប្រមុខការពារជាតិ ហៅអ្នកញុះញង់ លើមូលដ្ឋានកងទ័ពជើងទឹករាម ថា “ភ្នែកនៅល្អ តែធ្វើជាខ្វាក់” (Video)

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកការចោទប្រកាន់ លើមូលដ្ឋានកងទ័ពជើងទឹករាម គឺជាការញុះញង់បង្កើតបញ្ហាដល់កម្ពុជា។ ក្នុងករណីនេះ សម្ដេច បានហៅក្រុមទាំងនោះថា “ភ្នែកនៅល្អ តែធ្វើជាខ្វាក់”។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេច ទៀ បាញ់ បានសម្ដែងការសោកស្ដាយ ចំពោះការបន្តចោទប្រកាន់មកលើកម្ពុជា ថា អនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ព នៅក្នុងប្រទេស។

សម្ដេចថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ក្នុងការកសាងទំនើបកម្មនៅក្នុងមូលដ្ឋានសមុទ្ររាម ខណៈប្រទេសខ្លះ បានចោទប្រកាន់ម្តងហើយម្តងទៀតបែបផ្សេងៗនោះ គឺជាចេតនាអាក្រក់មកលើកម្ពុជាតែប៉ុណ្ណោះ។

សម្តេច ទៀ បាញ់ បញ្ជាក់ថា “ការកសាងទំនើបកម្មសមុទ្ររាមនេះ គឺដើម្បីបង្កើនសមត្ថភាព របស់កងទ័ពជើងទឹកកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតែប៉ុណ្ណោះ ហើយការចោទប្រកាន់ថា កន្លែងនេះ សម្រាប់ដាក់មូលដ្ឋានកងទ័ពចិននោះ គឺជាការញុះញង់បង្កើត បញ្ហាដល់កម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបា នពន្យល់ម្តងហើយម្តងទៀត យ៉ាងណាក៏ពួកគេមិនស្តាប់ដែរ ដោយសារតែពួកគេ ភ្នែកនៅល្អ តែធ្វើជាខ្វាក់”។

សម្តេចបន្ថែមថា ការកសាងនូវមូលដ្ឋានសមុទ្ររាមនេះ គឺដើម្បីការពារអធិបតេយ្យកម្ពុជា បូរណភាពទឹកដីកម្ពុជា បង្កើនសមត្ថភាពកងទ័ពកម្ពុជា ខណៈគម្រោងការ កសាងនេះបានត្រៀមយូរណាស់មកហើយ ប៉ុន្តែទើបធ្វើយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែតម្រូវការចាំបាច់។

សម្ដេច បានកត់សំគាល់ឃើញថា ការចោទប្រកាន់ទាំងបំពានរបស់ជនទាំងនោះ ដោយមិនស្តាប់ពីការពន្យល់បកស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាញឹកញាប់នោះ គឺជនទាំងនោះគ្មានចង់បានអ្វីពីការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះទេ។

សម្តេចបញ្ជាក់បន្ថែមថា “កិច្ចការងារធ្វើទំនើបកម្មមូលដ្ឋានកងទ័ព សមុទ្ររាម មានការរាំងស្ទះ និងរំខានជាច្រើន ក៏ប៉ុន្តែ សូមបញ្ជាក់ថា នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា រក្សាសិទ្ធិក្នុងការទទួលជំនួយយោធា ការហ្វឹកហ្វឺន និងសម្ភារផ្សេងៗទាំងអស់ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ការពារសុវត្ថិភាពដល់ប្រទេសខ្លួន យើងមានសិទ្ធិពេញលេញក្នុងការបំពេញអ្វីមួយដែលខ្លួនធ្វើបាន”។

សូមរំលឹកថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត មួយចំនួន តែងតែធ្វើការចោទប្រកាន់មកលើកម្ពុជាជាបន្តបន្ទាប់ថា បានអនុញ្ញាតឲ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស នៅមូលដ្ឋានកងទ័ពជើងទឹករាម គ្រាដែលតំបន់នេះត្រូវបានធ្វើទំនើបកម្ម។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលការចោទប្រកាន់ទាំងអស់ និងបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យមានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនទេ៕

To Top