ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ក្រុមការងាររាជរដ្ឋាភិបាល បានជួយដោះស្រាយរាល់ សេចក្ដីត្រូវការពលរដ្ឋ ដើម្បីបម្រើឱ្យជីវភាពប្រចាំថ្ងៃ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាល បានចូលរួម ចំណែកជួយដោះស្រាយ ពិសេសរាល់សេចក្ដី ត្រូវការប្រជាពលរដ្ឋ ដើម្បីបម្រើឱ្យជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដីថុយ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការផ្សេងៗទៀត ជាក្រុមការងាររាជរដ្ឋាភិបាលបាននិងកំពុងចូលរួមសកម្មភាពបម្រើជាតិ បម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ពោលគឺក្រៅពីការងារស្នូល ក៏បានចូលរួមក្នុងការងារមូលដ្ឋាន បន្ថែមទៀតដែរ ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈក្រុមការងារ គណបក្ស បានធ្វើការងារនយោបាយ ដើម្បីធ្វើយ៉ាងណាឱ្យ សមាជិក សមាជិការបន្តការគាំទ្រ លើកម្មវិធីនយោបាយ និងគោលនយោបាយ របស់គណបក្ស ព្រមទាំងពង្រីកការគាំទ្រ ដើម្បីបង្កើនសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

សម្ដេច បានបន្ថែមថា ក្រុមការងារទាំងពីរ មានគោលដៅដូចគ្នាមួយ គឺធ្វើការងារបម្រើប្រជាពលរដ្ឋដូចៗគ្នា ពិសេសការពាំនាំនូវស្ថានការណ៍ ជាក់ស្ដែងនៅមូលដ្ឋាន ដូចជាការលំបាក បញ្ហាប្រឈម សំណូមពរ ឬសំណើនានារបស់ប្រជាពលរដ្ឋ ដើម្បីយកទៅរាយការណ៍ដល់រាជរដ្ឋាភិបាល រាយការណ៍ដល់ថ្នាក់ដឹកនាំគណបក្សឱ្យជួយដោះស្រាយនៅក្នុងករណីបញ្ហាទាំងនោះ ពួកគាត់គ្មានលទ្ធភាព ឬសមត្ថភាពដើម្បីដោះស្រាយ ហើយថាប្រសិនបើក្រុមការងារទាំងពីរនេះមានលទ្ធភាពអាចធ្វើបាន ក្រុមការងារនឹងប្រមែលប្រមូលធនធានដើម្បីឆ្លើយតបសេចក្ដីត្រូវការប្រជាពលរដ្ឋ។

សម្ដេច បញ្ជាក់ថា«យើងធ្វើរបៀបនេះ ពិតជាមានប្រយោជន៍ច្រើនណាស់ ដោយយើងមិនរង់ចាំតែគម្រោងថវិការបស់រដ្ឋ ឬថវិកាជាតិ»។ សម្ដេច បន្តថា «គម្រោងថ្នាក់ជាតិ ដែលប្រើថវិកាជាតិនោះ គឺមានជារៀងរាល់ឆ្នាំ ប៉ុន្តែក៏មិនអាចបំពេញសេចក្ដីត្រូវការ ពលរដ្ឋបានទាំងអស់បានដែរ ដូច្នេះក្រុមការងារទាំង ក្រុមការងារ រាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស បានចូលរួមចំណែករួមគ្នាជួយដោះស្រាយ ពិសេសរាល់សេចក្ដី ត្រូវការណា ដែលមានអាទិភាព សម្រាប់បម្រើឱ្យជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ»។

នាឱកាសនោះ សម្ដេច ស ខេង លើកឡើងថា ការសិក្សារៀនសូត្រ ឬ ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍប្រទេស។

សម្ដេច បញ្ជាទៀតថា «កត្តានេះជាកត្តាគន្លឹះតែម្ដង មិនមែនមនុស្ស ច្រើនហើយខ្លាំងនោះទេ ហើយក៏មិនមែនមានន័យថា ប្រទេសហ្នឹងមានធនធានធម្មជាតិ សម្បូរបែបហើយក៏ខ្លាំងនោះដែរ។ ប៉ុន្តែបើប្រទេសនោះមានចំនួនប្រជាជនតិច ហើយធន់ធានក៏មិនសម្បូរ ក៏ប៉ុន្តែគេមានធនធានមនុស្ស មានអ្នកចេះដឹង ហើយមនុស្សរៀនសូត្របានជ្រៅជ្រះ ពិតជាធ្វើឱ្យស្រុកទេសរីកចម្រើន ថ្កុំថ្កើនរុងរឿង»៕

To Top