ភ្នំពេញ: ពិរុទ្ធជន ចំនួន៣នាក់ កាលពីព្រឹក ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២២នេះ ត្រូវបាន
តុលាការកំពូល ធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់ ពួកគេ ជាប់ពាក់ព័ន្ធនឹងការ កាប់គាស់រុករានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ដែលមាន ទំហំ ចំនួន ២៩៨ ហិកតា (ជិត ៣០០ ហិកតា) ប្រព្រឹត្តនៅ ចំណុចភ្នំរហ័ស ភូមិពូធប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០០០។
លោក យូ ប៊ុនឡេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានអោយដឹងថា ជនជាប់ចោទ៣នាក់ មានឈ្មោះ : ទី ១-ឈ្មោះ ចាន់ ធី ហៅ ចិត្រ ភេទប្រុស អាយុ ៥៥ ឆ្នាំ ។ ទី ២- ឈ្មោះ ម៉ា ម៉េងជី ភេទប្រុស អាយុ ៤៧ ឆ្នាំ ។ និងទី ៣- ឈ្មោះ ហង់ ជុង ភេទប្រុស អាយុ ៥១ ឆ្នាំ ។
លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ បានកាត់ទោស ជនជាប់ចោទ ឈ្មោះ ចាន់ ធី ហៅ ចិត្រ ដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ និង ពិន័យ ១០០ លានរៀល ។ ចំណែកឯ
ឈ្មោះ ម៉ា ម៉េងជី និង ឈ្មោះ ហង់ ជុង ត្រូវជាប់គុក ក្នុងម្នាក់ៗ កំណត់ ៥ ឆ្នាំ និង ពិន័យ ៦០ លានរៀល ក្នុងម្នាក់ៗ ពីបទ ” កាប់គាស់រុករានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ” តាមមាត្រា ៥៦ ចំណុចទី ៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។
ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០២០ នៅភូមិពូធប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
តុលាការកំពូល នឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃច័ន្ទទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ៕ ដោយ: លីហ្សា