ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមដំណើរដោយ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម និងប្រតិភូរួមដំណើរ កាលពីរសៀលថ្ងៃទី៦ កញ្ញា បានជួបសម្ដែងការគួរសម ជាមួយ លោក វឿង ឌីញ ហឺ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណៈសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នាទីក្រុងហាណូយ។
នាឱកាសនោះ លោក វឿង ឌិញហឺ បានថ្លែងអបអរសាទរ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សាលារាជធានីភ្នំពេញ នៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនង កាន់តែជិតស្និតរវាងវៀតណាម និងកម្ពុជា ពិសេសរវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ ដែលជាទីក្រុងសម្ពន្ធ័មេត្រីភាព តាមរយៈការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើច្រើន វិស័យដូចជាវិស័យ៖ សុខាភិបាល,វិស័យអប់រំ,វិស័យពាណិជ្ជកម្ម,វប្បធម៌,សុខាភិបាលជាដើម។
ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរ ដល់ការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រែក្លាយប្រទេសកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រ ទេស មានការអភិវឌ្ឍនលើគ្រប់វិស័យ និងបានធ្វើឪ្យិកម្ពុជាមានឈ្មោះបោះសំឡេង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
លោក វឿង ឌិញហឺ ក៏បានទទួលស្គាល់និងកោតសរសើរ ចំពោះការចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព តាមរយៈការស្រោចវ៉ាក់សាំង ទៅដល់ប្រជាជននៅទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានទប់ស្កាត់ការរីរាល ដាលជំងឺកូវីដ-១៩ បានល្អជាងគេបើប្រៀបធៀបជាមួយ បណ្តាប្រទេសនៅអាស៊ី និងពិភពលោក និងបានបើកប្រទេសឡើងវិញ ឲ្យមានប្រក្រតីភាពនៃជីវភាពសង្គម ។
លោកប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតំលៃ និងទទួលស្គាល់តួនាទី របស់សម្តេចតេជោហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន នាពេលកន្លងមកថ្មីៗនេះ ទទួលបានផ្លែផ្កាយ៉ាងធំធេង និងទទួលបានការកោតសរសើរ ជាអន្តរជាតិ។
ជាការឆ្លើយតប លោក ឃួង ស្រេង បានជម្រាបជូនប្រធានរដ្ឋសភាវៀតណាម ពីលទ្ធផល ដ៏ល្អប្រសើរក្នុងដំណើរទស្សនៈកិច្ច នៅទីក្រុងហាណូយ តាមរយៈការជួបពិភាក្សា ការងារជាបន្តបន្ទាប់ជាមួយ ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ និងលេខាបក្សរដ្ឋធានីហាណូយ និងការងារដែលត្រូវធ្វើបន្តក្នុងក្របខណ្ឌ័ទីក្រុងទាំង២ ដែលជាទីក្រុងសម្ពន្ធ័ភាព ។
លោកអភិបាលរាជធានី ក៏បានលើកឡើង នូវការជំរុញឲ្យមានការតភ្ជាប់ វិស័យទេសចររវាងភ្នំពេញ-ហាណូយ ក៏ដូចជាតំបន់បេតិកភណ្ឌ័ ដែលមានស្រាប់ដើម្បីអោយភ្ញៀវទេសចរ អាចទស្សនាបានច្រើនកន្លែង ដែលមានក្នុងទីក្រុងទាំង២ភ្នំពេញ-ហាណូយ។
ជាមួយគ្នានេះ លោក ឃួង ស្រេង មានប្រសាសន៍ថា ក្រោមអនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទៅលើការអភិវឌ្ឍន៏ទីក្រុង ការកែលំអរនិងស្ថាបនាប្រពន្ធ័លូ ការគ្រប់គ្រងសំណល់រឹង រាវ បញ្ហាកកស្ទះចរាចរ ដែលរាជធានីភ្នំពេញ កំពុងប្រឈមនៃការកើនឡើងរបស់ ប្រជាពលរដ្ឋយ៉ាងគំហុកក្នុងរាជធានីភ្នំពេញ ស្របពេលដែលមានការកើនឡើង វិស័យសេដ្ឋកិច្ចពិសេស ក្រោយវិបត្តិជំងឺកូវីដ១៩៕